SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

(សហរដ្ឋ​អាម៉េរិក) – SpaceX កំពុង​ពិសោធ​បច្ចេកវិទ្យា​ដែល​ជួយ​ពង្រឹង​ផ្ទៃ​​ខាង​ក្រោម​នៃ​ប្រព័ន្ធ​ទម្រ​ដើម្បី​អាច​ទ្រាំទ្រ​កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន​រុញច្រាន​រ៉ុក្កែត Starship នៅពេល​បាញ់​បង្ហោះម្ដងៗ។

ប្រព័ន្ធ​ទម្រ​នៅ​មូលដ្ឋាន Starbase របស់ SpaceX ក្នុង​​តំបន់ Texas ខាងត្បូង បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងការ​បាញ់​បង្ហោះ​សាកល្បង​ដំបូង​របស់​យាន Starship ដែលជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត កាលពី​ថ្ងៃទី 20 មេសា 2023។ កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន Raptor ចំនួន 33 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់​របស់ Starship បាន​ទម្លុះ​ជា​រណ្ដៅ​នៅ​ខាងក្រោម​ជើង​របស់​​ប្រព័ន្ធ​ទម្រ ធ្វើឱ្យ​ផ្ទាំង​បេតុង​ត្រូវ​បែកបាក់ និង​ប៉ើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដើម។ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្ហោះ​សាកល្បង​ខាងលើ SpaceX ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​បង្កើត​ខែល​ទប់​ទល់នឹង​បញ្ហានេះ​។

ការប្រឹងប្រែង​រក​វិធី​ទប់ទល់​ក៏បាន​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន។ ប្រព័ន្ធ​ខែល​នេះ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែ​សម្រេចចិត្ត​ធ្វើតេស្ត ព្រោះ​យល់ថា ស្រទាប់​បេតុង​ខាងក្រោមប្រព័ន្ធ​​ជើង​ទម្រ Starship អាច​ទ្រាំទ្រ​ការបាញ់​បង្ហោះ​បាន​ពីរលើក។ ក៏ប៉ុន្តែ បញ្ហា​នៅតែ​កើតឡើង ដូច្នេះ SpaceX ក៏​បង្កើន​សកម្មភាព​ដើម្បី​បង្ហើយ​កិច្ចការ​បង្កើត​ខែល​ការពារ​ដែល​ធ្វើ​ពី​ដែកថែប។

ថ្មីៗនេះ SpaceX បាន​ពិសោធ​កម្លាំង​របស់​ខែល​ទប់ទល់​កំណែ​ដំបូង ដោយ​ការប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន Raptor មួយគ្រឿង។ នៅក្នុង​វីដេអូ 20 វិនាទី ដែល SpaceX បាន​ចែករំលែក​កាលពី​ថ្ងៃទី 19 ឧសភា គេ​ឃើញ​ថា​ នៅពេល​​ចំហាយ​ទឹកបាន​រសាត់​អស់ ​នៅ​ខាងចុង​វីដេអូ ខែល​នេះ​ហាក់​នៅ​រក្សាបាន​ទម្រង់​ដើម។

ការ​បាញ់​បង្ហោះ​រ៉ុក្កែត

SpaceX កំពុងតែ​អភិវឌ្ឍ​យាន Starship ដើម្បី​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ។ ណា​សា​ក៏​ជ្រើសរើស Starship ធ្វើជា​ស្ថានីយ​ចុះចត​ដំបូង​ដែល​នាំ​មនុស្ស​ទៅ​ជាន់​ដី​របស់​ឋាន​ព្រះ​ចន្ទ​នៅក្នុង​កម្មវិធី Artemis។

ការ​​ធ្វើ​តេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

បច្ចុប្បន្ន SpaceX កំពុង​ដុតដៃដុតជើង​នៅក្នុង​ការផលិត​យាន Starship ជាច្រើន​​គ្រឿង​នៅឯ​មូលដ្ឋាន Starbase ហើយ​គ្រោង​នឹង​បាញ់​បង្ហោះ​កំណែ​បន្ទាប់​នៅប្រហែល​​ពីរ​ខែ​ទៀត បើសិន​ប្រព័ន្ធ​ខែល​ដែក​ការ​ពារ​ផ្ទៃ​ជើង​ទម្រ​​បាន​ត្រៀមខ្លួន​រួចរាល់ និងបន្ទាប់​ពី​ទទួលបាន​ការ​អនុញ្ញាត​ពី​​រដ្ឋបាល​អាកាសចរណ៍​អាម៉េរិក​៕

Advertisement