ចិន​សាកល្បង​ដំណើរការ​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់ខ្លួន

រថភ្លើង​ល្បឿន​លឿន​បាន​រត់​សាកល្បង​នៅលើ​កំណាត់​ផ្លូវដែក​ប្រវែង​ជាង 277 គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង Fuzhou ទៅកាន់​ទីក្រុង Xiamen កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់​ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ​កែតម្រូវ​ប្រព័ន្ធ និង​ដំណើរការ​សាកល្បង​ជាមួយនឹង​រថយន្ត​មួយ​ខ្សែ​ដែល​ចេញដំណើរ​ពី​ស្ថានីយ Fuzhou នៃ​ខេត្ត Fujian កាលពី​ថ្ងៃទី 20 ឧសភា ឆ្នាំ 2023។

ការស្ថាបនា​ផ្លូវដែក​ដែល​ត​ភ្ជាប់​ទី Fuzhou ទៅនឹង​ទីក្រុង Xiamen បានចាប់ផ្ដើម​កាលពី​ខែកញ្ញា ឆ្នាំ 2017។ ផ្លូវដែក​នេះ​បាន​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្ត​អសកម្ម​កាលពី​ខែកុម្ភៈ 2023។

ផ្លូវដែក​ប្រវែង 277.42 គីឡូម៉ែត្រ​នេះ​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​មួយចំនួន​ដូចជា ទីក្រុង Putian, Quanzhou, Zhangzhou និង​ឆ្លងកាត់​ស្ពាន​ចំនួន​បី​ដែល​ឆ្លងកាត់​ឆកសមុទ្រ Meizhou, Quanzhou និង Anhai។

តាម​ផែនការ ផ្លូវដែក​នេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ចាប់ពី​ចុងខែ​កញ្ញា​ឆ្នាំនេះ ហើយ​វា​នឹង​​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​​​ពី​ទីក្រុង Fuzhou ទៅនឹង​ទីក្រុង Xiamen ​ចំណាយពេល​មិន​ដល់​មួយ​ម៉ោង ព្រម​ទាំង​​អាច​បើកបរ​ក្នុង​ល្បឿន​អតិបរមា 350 គីឡូម៉ែត្រ/ម៉ោង៕

Advertisement