យន្តហោះ​ធំជាងគេ​លើ​ពិភពលោក ទម្លាក់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​បាន​សម្រេច​

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ដែលមាន​ស្លាប​ប្រវែង 117 ម៉ែត្រ​របស់​ក្រុមហ៊ុន Stratolaunch ទម្លាក់​យន្តហោះ​គំរូ​ដើម​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង បាន​ដោយ​ជោគជ័យ នៅឯ​លំហ​សមុទ្រ California។

ក្រុមហ៊ុន​អាកាសចរណ៍​អវកាស Stratolaunch នៅ​សហរដ្ឋ​អាម៉េរិក សម្រេចបាន​មួយ​ជំហាន​សំខាន់​ទៀត​ក្នុងការ​ធ្វើឱ្យ​ប្រព័ន្ធ​បង្ហោះ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង ក្លាយជា​ឧបករណ៍​ដែល​អាច​ប្រើប្រាស់​បាន។ កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​នេះ​សម្រេចបាន​ជោគជ័យ​នៅពេល​ទម្លាក់​យាន​សម្រាប់​ធ្វើតេស្ត Talon-0 (TA-0) ពី​យន្តហោះ Roc។

ដោយមាន​ដងខ្លួន​ចំនួន​ពីរ មាន​ម៉ាស៊ីន Boeing 747 ចំនួន 6 គ្រឿង, កង់​ចំនួន 28 គ្រាប់ និង​ស្លាប​ប្រវែង 117 ម៉ែត្រ (វែង​ជាង​ទីលាន​បាល់ទាត់) Roc គឺជា​យន្តហោះ​ធំជាងគេ​បង្អស់​លើ​ពិភពលោក បើ​គិត​ទៅតាម​ប្រវែង​ស្លាប។ នេះ​បើតាម​ទំព័រ Space។

Roc ហោះ​ឡើង​ពី​ព្រលាន Mojave នៅ California ខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី 13 ឧសភា ចាប់ផ្ដើម​ជើងហោះហើរ​សាកល្បង​លើក​ទី 11។ Roc នាំយក​យាន​សម្រាប់​ធ្វើតេស្ត TA-0 បំពាក់​នៅ​ចន្លោះ​ដងខ្លួន​ទាំងពីរ​របស់​វា និង​ហោះ​ទៅ​ទិស​ខាងលិច ហើយ​ទម្លាក់ TA-0 នៅពេល​ទៅដល់​លំហ​សមុទ្រ California។ TA-0 ទម្លាក់ខ្លួន​ចុះ​លើ​​ផ្ទៃ​ទឹកសមុទ្រ ទៅតាម​ការគ្រោងទុក ខណៈ Roc ហោះ​ត្រលប់មក​ចុះចត​វិញ ក្រោយ​បេសកកម្ម​​សាក​ល្បង​រយៈពេល​ប្រហែល​បួន​ម៉ោងបាន​​បញ្ចប់​។

Stratolaunch មាន​គម្រោង​ប្រើប្រាស់ Roc ដើម្បី​ដឹក​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង Talon-A (TA-1) ឡើងទៅ​កាន់​កម្ពស់ 10,000 ម៉ែត្រ។ នៅ​ទីនោះ វា​នឹង​ត្រូវបាន​ផ្ដាច់​ចេញពី Roc ដើម្បី​ហោះហើរ​ដោយ​ខ្លួនឯង។ TA-1 ដំណើរការ​ដោយ​រ៉ុក្កែត នឹង​បន្ត​ហោះ​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង) មុនពេល​ចុះចត​ដោយ​ស្វ័យប្រវត្ត៕

Advertisement