BYD ជិត​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ជិត​ខាង​មួយ​ទៀត​របស់​កម្ពុជា​

ក្រុម​ហ៊ុន​ចិន BYD មាន​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម និង​កំពុង​តែ​រំពឹង​លើ​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​ ក្រោយ​ពី​បាន​ចាប់​ផ្ដើម​ការ​សាងសង់​រោង​ចក្រ​នៅ​ប្រទេស​ថៃ​។

លោក Wang Chuanfu ប្រធាន​ និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន BYD សង្ឃឹម​ថា វៀតណាម​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បីឱ្យ​ BYD ធ្វើ​ការ​វិនិយោគ​ និង​អាច​ឆាប់​បាន​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​លក់​ក្នុង​ស្រុក​ និង​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​របាយ​ការណ៍​នៅ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម​ ចុះ​ផ្សាយ​កាល​ពី​ 05 ឧសភា។

អ្នក​នាំពាក្យ​របស់ BYD បាន​ទទួល​ស្គាល់​ព័ត៌មាន​ស្ដី​ពី​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​បាន​បង្ហើប​ព័ត៌មាន​លំអិត​ស្ដី​ពី​ការ​វិនិយោគ​នេះ​។

BYD ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្តអគ្គិសនី​ធំជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន​ កំពុង​សាងសង់រោង​ចក្រ​ផលិត​នៅ​ប្រទេស​ថៃ ដែល​ជា​​រោង​ចក្រ​ដំបូង​​នៅ​បរទេស​​របស់​ក្រុម​ហ៊ុន​នេះ។ បច្ចុប្បន្ន BYD ក៏​កំពុង​តែ​ពិនិត្យ​លទ្ធភាព​សាង​សង់​រោង​ចក្រ​​មួយ​បន្ថែម​ទៀត​នៅ​ហ្វ៊ីលីពីន ឬ​​ឥណ្ឌូណេស៊ី​​ ក្រៅ​ពី​ប្រទេស​ថៃ និង​វៀតណាម​។

ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ BYD នៅ​ប្រទេស​ចិន​ កាល​ពី​ឆ្នាំ 2016

នៅក្នុង​ខែ​មេសាឆ្នាំ​នេះ រថយន្ត​អគ្គិសនី​ 210,295 គ្រឿង​របស់​ BYD ត្រូវ​បាន​លក់​ចេញ​ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​ជាង​ទ្វេដង​ធៀប​នឹង​មួយ​ឆ្នាំ​មុន​។

ភាគ​ហ៊ុន​របស់ BYD បាន​កើន​ជាង 2% កាល​ពី​ព្រឹក​មិញ​នៅ​ហុងកុង ក្រោយ​ពី​រដ្ឋាភិបាល​ចិន​ ជា​ថ្មី​ម្ដង​ទៀត​បាន​សន្យាថា ​គាំទ្រ​ដល់​វិស័យ​រថយន្ត​អគ្គិសនី​។ ភាគ​ហ៊ុន​ BYD បាន​កើន​ 25% នៅ​ក្នុង​ឆ្នាំ​នេះ​៕

Advertisement