Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

ក្រុមហ៊ុន Destinus រចនា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំណើរការ​ដោយ​អ៊ីដ្រូសែន អាច​ហោះ​ពី Frankfurt ទៅកាន់ Sydney ដោយ​ប្រើពេល​តែ​ជាង​បួន​ម៉ោង ឬ​ពី Memphis ទៅកាន់ Dubai ដោយ​ស៊ីពេល​តែ 3.5 ម៉ោង។

រចនា​របស់ Destinus គឺ​យន្តហោះ​អ៊ីដ្រូសែន​មាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ¼ ធៀប​នឹង​យន្តហោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។ នេះ​បើតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 04 ឧសភា។

មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស្វ៊ី​ស និង​មាន​បុគ្គលិក 120 នាក់​នៅ​អេ​ស្ប៉ា​ញ បារាំង និង​អាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2021 មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ យន្តហោះ​គំរូ​ដំបូង​ចំនួន​​ពីរ​កំណែ​​​របស់​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​ជិត​ហោះ​សាកល្បង​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន។ តាម​គម្រោង យន្តហោះ​គំរូ​ដំបូង​ទី​បី​គឺ Destinus 3 នឹង​ហោះ​សាកល្បង​នៅ​ចុងឆ្នាំ​នេះ។

Destinus ជ្រើសរើស​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ ក៏​ព្រោះតែ​វា​ជា​ថាមពល​កកើតឡើង​វិញ​ ហើយ​​ការចំណាយ​ក្នុង​ការផលិត​ឥន្ធនៈ​នេះ​ក៏​​កាន់តែ​ទាប ថ្វីបើ​យន្តហោះ​អ៊ីដ្រូសែន​កំពុងស្ថិត​ក្នុងដំណាក់កាលដំបូងៗ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម​អ៊ីដ្រូសែន​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

«យើង​កំពុង​ប្រឹងប្រែង​ហោះ​ពី​អឺរ៉ុប​ទៅកាន់​អូស្ត្រាលី​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង)។ ការប្រើប្រាស់ kerosense នឹង​ធ្វើឱ្យ​យន្តហោះ​ធ្ងន់ ខណៈដែល​ប្រើ​អ៊ីដ្រូសែន វា​នឹង​ស្រាល។ អ៊ីដ្រូសែន​ក៏មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ធៀប​នឹង​ឥន្ធនៈ​ប្រតិកម្ម​ធម្មតា» Martina Lofqvist ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Destinus អះអាង​ដូច្នេះ។

គោលដៅ​យូរអង្វែង​របស់ Destinus គឺ​ការហោះហើរ​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន​ទាំងស្រុង និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ខ្លី Destinus នឹង​ប្រើប្រាស់​សាំង​យន្តហោះ​ធម្មតា ហើយ​ក្រោយមក​នឹង​ប្ដូរ​ទៅប្រើ​អ៊ីដ្រូសែន​សម្រាប់​ល្បឿន Mach 3 (3,704 គីឡូម៉ែត្រ/ម៉ោង)។

Destinus 3 នឹង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ហើយ​អាច​ប្រើប្រាស់​អ៊ីដ្រូសែន​នៅ​ឆ្នាំ 2024។ ឆ្នាំ 2030 Destinus នឹងដាក់​ឱ្យ​ដំណើរការ​យន្តហោះ​ដឹក​ភ្ញៀវ​ខ្នាតតូច​ដែល​អាចដាក់​អ្នកដំណើរ​បាន 25 នាក់ ផ្ដោតលើ​អតិថិជន​អ្នកមាន។ ឆ្នាំ 2040 កំណែ​ពេញ​លេញ​​នឹងត្រូវ​បាន​ចែកជា​ច្រើន​លំដាប់ ក្នុងនោះ​មាន​ទាំង​លំដាប់​សម្រាប់​អតិថិជន​ធម្មតា​ផងដែរ៕

Advertisement