រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

(សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។

Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។

ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។

ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​របស់ Radiant Industries ​អាចដាក់​នៅក្នុង​កុងតឺន័រ

យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

Advertisement