បណ្ដាញ​កាប៊ីន​ខ្សែកាប​ផ្លាស់​ទី​ជួយ​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍

(ប៊ុល​ហ្ការី) – Studio Half Company រចនា​ប្រព័ន្ធ​ខ្សែកាប​ដែលមាន​កាប៊ីន​ដឹក​មនុស្ស និង​ទំនិញ​នៅ​ខាងលើ​ផ្លូវថ្នល់​ក្នុង​ទីក្រុង ​បញ្ជា​ដោយ​បញ្ញា​និម្មិត (AI)។

ប្រព័ន្ធ​កាប៊ីន​ខ្សែកាប​ដែល​​មាន​ឈ្មោះថា Halfgrid នេះ អាច​បញ្ជា​កាប៊ីន​ដឹក​អ្នកដំណើរ និង​ទំនិញ​ទៅមក​នៅក្នុង​ទីក្រុង។ ថ្វីបើ​មិនទាន់​ដំណើរការ ប៉ុន្តែ ក្រុមហ៊ុន Studio Half Company កំពុង​ស្វែងរក​ទីក្រុង​ដើម្បី​ធ្វើតេស្ត​ប្រព័ន្ធ​គំរូ។

អ្នកដំណើរ ឬ​អតិថិជន​ត្រូវ​កក់​កាប៊ីន​របស់​ប្រព័ន្ធ​​នេះ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ។ ប្រព័ន្ធ AI នឹង​រៀបចំ​កាលបរិច្ឆេទ​នៃ​ការធ្វើដំណើរ និង​ស្វែងរក​កាប៊ីន​ដែល​សប​ស្រប​បំផុត។

ប្រព័ន្ធ​ខ្សែកាប់​ស្ដង់ដា ប្រើប្រាស់​កងចក្រ​ខ្នាត​ធំ​ដើម្បី​អូស​កាប៊ីន​ទៅតាម​បណ្ដោយ​ខ្សែកាប ខណៈដែល​កាប៊ីន​តោង​ជាប់​ទៅនឹង​ខ្សែកាប​ដែល​កំពុង​ផ្លាស់​ទី។ ចំណែក​ប្រព័ន្ធ Halfgrid វិញ កាប៊ីន​ផ្លាស់​ទី​ជំនួស​ខ្សែកាប។ ប្រការនេះ​អនុញ្ញាតឱ្យ​កាប៊ីន​ធ្វើដំណើរ​ទៅកាន់​ខ្សែកាប់​មួយណា​ក៏បាន។ Halfgrid ក៏​កាត់បន្ថយ​បាន​ច្រើន​នូវ​បរិមាណ​គ្រឿង​បង្គុំ​ចាំបាច់។

ប្រព័ន្ធ​កាប៊ីនខ្សែកាប​ Halfgrid ​របស់​ក្រុមហ៊ុន​ប៊ុលហ្ការី Half Company

Halfgrid គឺជា​គំនិត​របស់​ក្រុមហ៊ុន Half Company នៅ​ប្រទេស​ប៊ុល​ហ្ការី។ ពួកគេ​បង្កើត​ប្រព័ន្ធ​នេះ​ឡើង​ក្នុង​បំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង។ កាប៊ីន​របស់ Halfgrid អាច​ដឹក​មនុស្ស និង​ទំនិញ ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ចំនួន​រថយន្ត​ដឹកទំនិញ​នៅ​កណ្ដាល​ទីក្រុង។ វា​ក៏​ជួយ​កាត់បន្ថយ​សំឡេង​រំខាន និង​ផ្ដល់​សុវត្ថិភាព​ដល់​ស្ត្រី និង​ជនពិការ ក៏ដូចជា​​អ្នក​មាន​ចំណូល​ទាប៕

Advertisement