រ៉ុក្កែត​បោះពុម្ព 3D ដំបូង​គេ​លើ​ពិភពលោក បាញ់​សាកល្បង​ «ជិត​បាន​ជោគ​ជ័យ»

រ៉ុក្កែត Terran 1 របស់​ក្រុមហ៊ុន​អាម៉េរិក Relativity Space ហោះ​ឡើង​ពី​មូលដ្ឋានទ័ព​អវកាស Cape Canaveral រដ្ឋ Florida កាលពី​ម៉ោង 07 និង 25 នាទី ថ្ងៃទី 23 មីនា (ម៉ោង​នៅ​កម្ពុជា)។

បេសកកម្ម​ដំបូង​របស់ Terran 1 មាន​ឈ្មោះថា «Good Luck, Have Fun» (GLHF)។ រ៉ុក្កែត​នេះ ដំបូង​ឡើយ​ដំណើរ​ការល្អ។ កំណាត់ ឬ​ជាន់​ទីមួយ និង​ទី​ពីរបាន​ផ្ដាច់ចេញ​ដោយ​ជោគជ័យ។ ក៏ប៉ុន្តែ បន្ទាប់ពី​ហោះ​ឡើង​បាន​ប្រហែល 3 នាទី បញ្ហា​ក៏បាន​កើតឡើង ធ្វើឱ្យ​ជាន់​លើ​គេ​បង្អស់​មិនអាច​ហោះ​ដល់​គន្លង​គោចរ​ដូច​ការគ្រោងទុក។

Relativity Space ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2016 ក្នុង​បំណង​នាំយក​ទំនិញ​ឡើងទៅ​កាន់​គោលដៅ​នៅ​ទី​អវកាស​ដោយ​ប្រើប្រាស់​រ៉ុក្កែត Terran 1។ រ៉ុក្កែត​នេះ​មាន​កម្ពស់ 33 ម៉ែត្រ អាច​ដឹកទំនិញ​បាន 1,250 គីឡូក្រាម​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី (LEO)។ ក្រុមហ៊ុន​នេះ​កំពុងផ្ដល់​សេវាកម្ម​ក្នុងតម្លៃ 12 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ការបាញ់​បង្ហោះ Terran 1 មួយ​ជើង។

រ៉ុក្កែត Terran 1 របស់​ក្រុមហ៊ុន​អាម៉េរិក Relativity Space ហោះ​ឡើង​ពី​មូលដ្ឋានទ័ព​អវកាស Cape Canaveral រដ្ឋ Florida កាលពី​ម៉ោង 07 និង 25 នាទី ថ្ងៃទី 23 មីនា

ក៏ប៉ុន្តែ ក្នុង​បេសកកម្ម GLHF រ៉ុក្កែត Terran 1 មិនមាន​ផ្ទុកទំនិញ​នោះទេ ដោយ​វា​គ្រាន់តែ​ដឹក​ចិញ្ចៀន​មួយ​វង់​ដែល​គេ​បោះពុម្ព 3D។ រ៉ុក្កែត​នេះ​មាន​ម៉ាស៊ីន Aeon-1 ចំនួន 9 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់៕

Advertisement