ប្រទេស​ចិន​ដាក់​បណ្ដែត​ទឹក​កប៉ាល់ដើរ​ដោយ​​អ៊ីដ្រូសែន-លី​ចូ​ម

កប៉ាល់​សេវាកម្ម​ដំបូង​របស់​ប្រទេស​ចិនដែល​​ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ី​ដ្រ​សែន-លី​ចូ​ម 500 kW កាលពី​ថ្ងៃទី 20 មីនា ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ទីក្រុង Zhongshan ខេត្ត Guangdong។

ជលយាន​ដែល​ត្រូវបាន​ហៅថា កប៉ាល់ Three Gorges hydrogen ship No.1 នេះ ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន និង​ថ្ម​ផ្ទុក​អគ្គិសនី​លី​ចូ​ម​ផលិត​ក្នុងស្រុក។ វា​គឺជា​ជំហាន​ថ្មី និង​សំខាន់​មួយទៀត​សម្រាប់​វិស័យ​សាងសង់​កប៉ាល់​ដើរ​ដោយ​ថាមពល​ថ្មី​របស់​ប្រទេស​ចិន ជាការ​បើកផ្លូវ​ឱ្យ​មាន​​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីដ្រូសែន​សម្រាប់​កប៉ាល់​ក្នុងស្រុក។

ដោយមាន​កម្លាំង 500 kW កប៉ាល់​នេះ​អាចធ្វើ​ដំណើរ​បាន 200 គីឡូម៉ែត្រ និង​ល្បឿន 28 គីឡូម៉ែត្រ/ម៉ោង។ កប៉ាល់​នេះ​សមស្រប​សម្រាប់​ការរក្សា​ភាព​ស្អា​តនៃ​បរិស្ថាន ដោយវា​ប្រើប្រាស់​ថាមពល​តិច និង​មិនសូវមាន​សំឡេង​រំខាន​ដូច​កប៉ាល់​ដំណើរការ​ដោយ​ប្រេងម៉ាស៊ូត និង​ប្រេងសាំង។

កប៉ាល់ Three Gorges hydrogen ship No.1 នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន ល្បាត និង​បំពេញភារកិច្ច​បន្ទាន់​នៅក្នុង​តំបន់​បឹង​ស្តុក​ទឹក Three Gorges (Sanxia)។

ក្រុមហ៊ុន​សាងសង់​កប៉ាល់​រដ្ឋ​ចិន (CSSC) និង​ក្រុមហ៊ុន​អគ្គិសនី​ចិន Yangtze Power គឺជា​អ្នក​សាងសង់​កប៉ាល់​នេះ​ នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Chana Three Gorges (CTG) និង​បានចាប់ផ្ដើម​ការសាងសង់​កាលពី​ខែឧសភា 2022។

ប្រទេស​ចិន​កំពុងមាន​វឌ្ឍនភាព​យ៉ាងខ្លាំង​ក្លា និង​ឆាប់​រហ័ស ទាក់ទង​នឹង​ការសាងសង់​កប៉ាល់​ដែល​ប្រើប្រាស់​ថាមពល​អ៊ីដ្រូសែន។ ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន​ក្នុងស្រុក​ត្រូវបាន​ព្យាករ​ថា​អាច​សម្រេចបាន​ជាង 10 ពាន់​លាន​យុន ប្រហែល​នឹង 1.45 ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​ក៏​ព្រោះតែ​ប្រទេស​ចិន​មាន​គោលនយោបាយ​ជំរុញ លើកទឹកចិត្ត​ដល់​ការផលិត និង​ប្រើប្រាស់​កប៉ាល់​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ក្នុង​បំណង​កាត់បន្ថយ​ការ​បំ​ភាយ​​កាបូន​ដែលជា​ឧស្ម័ន​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ៕

Advertisement