ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​គាំទ្រ​ដោយ Alibaba បញ្ចេញ minivan អគ្គិសនី​តម្លៃ​ទាប

កាលពី​ថ្ងៃទី 16 មីនា Matrix Motors បានបង្ហាញ​កូន​ឡាន​ដឹកទំនិញ​ខ្នាតតូច​ប្រើ​អគ្គិសនី Matrix 01 ស៊េរី 2023។ Matrix ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2012 គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ចិន និង​គាំទ្រ​ដោយ​ក្រុម​ហ៊ុន​ Alibaba។

Matrix 01 ត្រូវបាន​រចនា​ឡើង​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ក្នុង​ក្រុង។ Matrix 01 ​កំណែ​ឆ្នាំ 2023 មាន​​​បណ្ដោយ​​ 3,490 ម​ម, ទទឹង 1,465 ម​ម, កម្ពស់ 1,685 ម​ម។ រថយន្ត​នេះ​មាន​កៅអី​មួយ​ជួរ និង​ទ្រុង​ដាក់​ទំនិញ​មាន​ចំណុះ 2,300 លីត្រ។

ថាមពល​របស់ Matrix 01 គឺ 15kW ដោយមាន​ថ្ម​ផ្ទុក​អគ្គិសនី​កម្លាំង 10.36 kWh និង​បើក​បរបាន 120 គីឡូម៉ែត្រ។ កំណែ​ដំបូង​របស់​រថយន្ត​នេះ​មាន​ជម្រើស «ធ្វើដំណើរ​បាន 220 គីឡូម៉ែត្រ» ដោយ​ប្រើប្រាស់​ថ្ម 20.72 kWh ប៉ុន្តែ ម៉ូ​ដែល​ឆ្នាំ 2023 មិនមាន​ផ្ដល់​ជម្រើស​មួយ​នេះ។

ថ្ម​របស់ Matrix 01 អាច​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ​ដោយ​ចំណាយពេល​បួន​ម៉ោង ប៉ុន្តែ​កំណែ​ទាប​ជាង​នេះ ត្រូវការ​ពេល​រហូតដល់ 8 ម៉ោង។ តម្លៃ​របស់​កូន​ឡាន​ដឹកទំនិញ​ខ្នាតតូច​ប្រើ​អគ្គិសនី Matrix 01 ស៊េរី 2023 គឺ​ចាប់ពី 4,200 ដុល្លារ​អាម៉េរិក៕

Advertisement