ប៉ូលិស​អង់គ្លេស​ជិះសេះ​ដេញតាម​ពិន័យ​​អ្នក​បំពាន​ច្បាប់​ចរាចរណ៍

មន្ត្រីប៉ូលិស​ជិះសេះ​ដេញតាម​រថយន្ត និង​ប្រាប់​ឱ្យ​ឈប់ បន្ទាប់ពី​បានឃើញ​ម្ចាស់​រថយន្ត​បើកបរ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ រួច​ក៏បាន​ពិន័យ និង​ដក​ពិន្ទុ​ប័ណ្ណបើកបរ។

កាលពី​ថ្ងៃទី 16 មីនា ទំព័រ Guardian ដកស្រង់​វីដេអូ​ពី​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រុមប៉ូលិស​ចរាចរណ៍ Avon និង Somerset (RPU) បង្ហាញថា មន្ត្រីប៉ូលិស​ពីររូប​ជិះសេះ​ដេញតាម​រថយន្ត​មួយគ្រឿង ក្រោយពី​មើលឃើញថា ម្ចាស់​ឡាន​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ។ RPU ឱ្យដឹងថា វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​កា​ម៉េ​រិ​ក​ដែល​បំពាក់​លើ​ខ្លួន​ប៉ូលិស និង​កា​ម៉េ​រិ​ក​សុវត្ថិភាព​ចរាចរណ៍​កាលពី​ថ្ងៃទី 07 មីនា។

«លោក​ដឹង​ហើយ​ថា មិនត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​បើកបរ» ស្ត្រី​ជា​មន្ត្រីប៉ូលិស​ល្បាត​និយាយ​នៅពេល​ឡាន​ឈប់​លើ​ដងផ្លូវ​មួយ​នៅក្នុង​ទីរួមស្រុក Tauton, Somerset។

ប៉ូលិសចរាចរណ៍​សេះនៅ​អង់គ្លេស

អ្នកបើកបរ​ត្រូវបាន​ប៉ូលិស​ធ្វើ​កំណត់ហេតុ និង​ពិន័យ​ជា​ប្រាក់ 200 ផោន (242 ដុល្លារ​អាម៉េរិក) ទន្ទឹមនឹង​ការដក 6 ពិន្ទុ​នៅលើ​ប័ណ្ណបើកបរ។ RPU ឱ្យដឹងថា ចាប់ពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន តំបន់ Avon និង Somerset មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាង 4,500 ករណី។

ចាប់ពី​ខែមីនា 2022 ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត កុំព្យូទ័រ ឬ​ឧបករណ៍​ទាំងឡាយណា​ដែល​អាច​ផ្ញើ និង​ទទួល​ទិន្នន័យ​ ពេល​កំពុង​បើកបរ​រថយន្ត ឬ​ម៉ូតូ​នៅ​ប្រទេស​អង់គ្លេស សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់។

អ្នក​ដែល​ល្មើស​នឹង​ច្បាប់​ខាងលើ​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ឡើងដល់ 1,000 ផោន ទន្ទឹមនឹង​ការដក 6 ពិន្ទុ ឬ​ត្រូវ​ដកហូត​ប័ណ្ណបើកបរ៕

Advertisement