នៅឯមជ្ឈមណ្ឌលអវកាស Johnson ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 15 មីនា ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា-NASA) រួមនឹងដៃគូសហការ Axiom Space បានបង្ហាញឈុតសម្លៀកបំពាក់អវកាសជំនាន់ថ្មីដែលផលិតឡើងសម្រាប់អ្នកអវកាសនៅក្នុងបេសកកម្មត្រលប់ទៅកាន់ឋានព្រះចន្ទ Artemis III។
ឈុតថ្មីដែលមានឈ្មោះថា ឧបករណ៍ផ្លាស់ទីស្រាវជ្រាវភពក្រៅ (Axiom Extravehicular Mobility Unit – AxEMU) នេះ ត្រូវបានរចនា និងផលិតដោយក្រុមហ៊ុន Axiom Space ទៅតាមកិច្ចព្រមព្រៀងតម្លៃ 225.5 លានដុល្លារអាម៉េរិកជាមួយនឹងណាសា។
ឈុតសម្លៀកបំពាក់នេះមានមុខងារការពារមនុស្ស និងឧបករណ៍បច្ចេកវិទ្យាទំនើប លេចធ្លោជាងឆ្ងាយ បើធៀបនឹងឈុតអវកាសដែលបានប្រើប្រាស់ក្នុងបេសកកម្ម Apollo កាលពីជាង 50 ឆ្នាំមុន។

ឈុតនេះមានពណ៌ខ្មៅ រំលេចដោយពណ៌ទឹកក្រូច ពណ៌ផ្ទៃមេឃដើម្បីបង្ហាញពីរូបរាងដ៏លេចធ្លោ និងប្លែកភ្នែក។ ក៏ប៉ុន្តែ កំណែចុងក្រោយនឹងមានពណ៌សដូចសម័យ Apollo ដើម្បីអាចទប់ទល់នឹងវិទ្យុសកម្មពីព្រះអាទិត្យ និងការពារអ្នកអវកាសពីអាកាសធាតុដ៏អាក្រក់នៅលើឋានព្រះចន្ទ។

សម្លៀកបំពាក់អវកាសថ្មីរបស់ Axiom Space មានច្រើនស្រទាប់ ក្នុងនោះមាន ស្រទាប់សម្រាប់រក្សាខ្យល់, ស្រទាប់សម្រាប់រក្សារូបរាងរបស់ឈុតសម្លៀកបំពាក់, ស្រទាប់សម្រាប់រារាំងកម្ដៅ ហើយស្រទាប់ខាងក្រៅគឺសម្រាប់ទប់ទល់នឹងធូលី និងការពារបញ្ហាដាច់រហែក។

បេសកកម្ម Artemis III នឹងធ្វើឡើងនៅចុងឆ្នាំ 2025 បន្ទាប់ពី Artemis II ដែលនាំអ្នកអវកាសទៅហោះជុំវិញឋានព្រះចន្ទបានបញ្ចប់។ ណាសានឹងប្រកាសឈ្មោះក្រុមអវកាសចរនៅក្នុងបេសកម្មលើកនេះនៅថ្ងៃទី 03 មេសា។ Artemis III នឹងជាបេសកកម្មដំបូងដែលអ្នកអវកាសត្រូវចុះចតលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ៕