ក្រុមហ៊ុនផលិតរថយន្តចិន MG បានបង្ហើបឱ្យដឹងពីតម្លៃសម្រាប់កំណែរត់បានឆ្ងាយ Long Range របស់រថយន្តអគ្គិសនី ZS EV ហើយថា ម៉ូដែលរថយន្តអគ្គិសនីខ្នាតតូច MG4 ថ្មីនឹងបង្ហាញខ្លួននៅពាក់កណ្ដាលចុងក្រោយឆ្នាំនេះ។
CEO របស់ MG អូស្ត្រាលី លោក Peter Ciao បាននិយាយថា អតិថិជនចង់បានកំណែ ZS EV Long Range។ «ក្រោយពីការទទួលបានជោគជ័យពីរថយន្ត ZS EV កាលពីខែកញ្ញាឆ្នាំមុន យើងបានទទួលយកមតិប្រតិកម្មតបពីអតិថិជន ហើយក៏ជំរុញការបង្ហាញម៉ូដែល ZS EV ដែលបើកបរបានឆ្ងាយជាងមុន»។
កំណែ MG ZS EV Long Range មានតម្លៃចាប់ពីប្រហែល 57,000 ដុល្លារអាម៉េរិក ថ្លៃជាងប្រហែល 11,000 ដុល្លារ បើធៀបនឹងកំណែស្ដង់ដា។ អតិថិជនអាចបញ្ជាទិញជាមុនរថយន្តនេះនៅចុងខែមីនា ហើយគ្រោងនឹងទទួលបានទំនិញចាប់ពីខែមេសា។

MG ZS EV Long Range អាចបរបានចម្ងាយ 440 គីឡូម៉ែត្រក្រោយពីបញ្ចូលអគ្គិសនីមួយពេញ ឆ្ងាយជាង 120 គីឡូម៉ែត្រធៀបនឹង 320 គីឡូម៉ែត្ររបស់កំណែស្ដង់ដា។
MG អូស្ត្រាលី នៅតែរក្សាការសម្ងាត់របស់រថយន្តអគ្គិសនី MG4 ដែលជិតបង្ហាញខ្លួន ប៉ុន្តែកំណែដែលកំពុងត្រូវបានដាក់លក់នៅប្រទេសអង់គ្លេសបានផ្ដល់ព័ត៌មានគ្រប់គ្រាន់ដែលអ្នកប្រើប្រាស់ត្រូវការ។ សម្រាប់កំណែអន្តរជាតិរបស់ MG4 អតិថិជនអាចជ្រើសរើសរវាងថ្ម និងម៉ូទ័រអគ្គិសនីពីរកំណែ។ ទីមួយគឺមានថ្ម 50.8 kWh អាចបើកបរបាន 350 គីឡូម៉ែត្រ និងមានម៉ូទ័រអគ្គិសនី 125kW/250Nm។ ទីពីរគឺកំណែសម្រាប់ផ្លូវឆ្ងាយ ដែលមានថ្មកម្លាំង 61kWh អាចរត់បាន 450 គីឡូម៉ែត្រ អមជាមួយនឹងម៉ូទ័រអគ្គិសនី 150kW/250Nm។

ចំណែកតម្លៃរបស់រថយន្តអគ្គិសនី MG4 នេះវិញ គឺត្រូវបានលក់ចាប់ពី 49,000 ដល់ 59,200 ដុល្លារអាម៉េរិក៕