កែវយឹតអវកាស James Webb របស់ណាសា បានបញ្ជូនមកកាន់ផែនដីនូវរូបថតលំអិតមិនធ្លាប់បានឃើញពីមុនរបស់ផ្កាយធំមួយដួងដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត។
ផ្កាយមួយដួងនេះត្រូវបានគេហៅថា WR 124 ដែលមានចម្ងាយពីផែនដីប្រហែល 15,000 ឆ្នាំពន្លឺ (ឆ្នាំពន្លឺគឺជាការធ្វើដំណើរក្នុងមួយឆ្នាំរបស់ពន្លឺ ហើយមួយឆ្នាំពន្លឺស្មើនឹង 9.46 ទ្រីលានគីឡូម៉ែត្រ) នៅក្នុងកញ្ចុំផ្កាយ Sagittarius។ ផ្កាយនេះធ្ងន់ជាង 30 ដងធៀបនឹងព្រះអាទិត្យ ហើយបានបញ្ចេញឧស្ម័ន ធូលីប្រហាក់ប្រហែល 10 ដង ធៀបនឹងព្រះអាទិត្យ គិតត្រឹមពេលត្រូវបានសង្កេត។
ក្នុងរូបភាពដែលថតបានដោយកាម៉េរិកនានារបស់កែវយឹតអវកាស James Webb និងត្រូវបានណាសាប្រកាសបង្ហាញកាលពីថ្ងៃទី 14 មីនា ផ្កាយ WR 124 លេចឡើងយ៉ាងច្បាស់នៅចំកណ្ដាលពពកធូលី ឬនេប៊ូឡា (Nebula) ដែលមានអង្កត់ផ្ចិតឡើងដល់ 10 ឆ្នាំពន្លឺ។

ពពកធូលីដ៏ធំសម្បើមនេះគឺជាវត្ថុធាតុដែលខ្ទាតចេញពីផ្កាយចាស់ៗនៅក្នុងការបញ្ចេញឧស្ម័នដ៏ច្របូកច្របល់។ នេះគឺជាសញ្ញាបង្ហាញថា ផ្កាយកំពុងស្ថិតក្នុងដំណាក់កាលបាត់បង់ម៉ាស មុនពេលក្លាយទៅជាស៊ូពើណូវ៉ា (supernova) ជាពេលដែលប្រតិកម្មសរុបរបស់នុយក្លេអែរក្នុងស្នូលផ្កាយឈប់ដំណើរការ ហើយសម្ពាធរបស់ទម្ងន់ធ្វើឱ្យវាដួលរលំ និងផ្ទុះ។
ផ្កាយ WR 124 រួមចំណែកជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងបន្ថែមអំពីប្រវត្តិដំបូងនៃការកកើតចក្រវាល៕