ណា​សា (NASA) ​អភិវឌ្ឍ​យានអវកាស​ថ្មី​​ដើម្បី​អូស​ទម្លាក់​​ស្ថានីយ​អវកាស​អន្តរ​ជាតិ

ស្ថានីយ​អវកាស​អន្តរជាតិ (ISS)

(សហរដ្ឋ​អាម៉េរិក) – ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កំពុង​រៀប​ផែនការ​អភិវឌ្ឍ​យានអវកាស​មួយ​ដែល​អាច​អូស​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ចេញពី​គន្លង​គោចរ ដើម្បីឱ្យ ISS រំលាយ​ខ្លួនឯង​ពេល​ហោះ​ធ្លាក់​ឆ្លងកាត់​បរិយាកាស​ផែនដី។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 13 មីនា ណា​សា​ឱ្យដឹងថា នឹង​ចំណាយ​ប្រាក់ 180 លាន​ដុល្លារ​ដើម្បី​ផលិត​យានអវកាស​មួយ​សម្រាប់​ជួយ​ឱ្យ ISS ចាកចេញ​ផុតពី​គន្លង​គោចរ​ដោយ​សុវត្ថិភាព និង​ទម្លាក់ខ្លួន​ទៅលើ​សមុទ្រ ក្រោយពី​បានបញ្ចប់​ដំណើរការ​នៅ​ឆ្នាំ 2030។ យានអវកាស​ថ្មី​របស់​ណា​សា ក៏​នឹង​គាំទ្រ​ដល់​សកម្មភាព​ចាក​ចេញពី​គន្លង​តារាវិថី​របស់​បណ្ដា​ដៃគូ​សហការ​របស់ ISS ដែល​រួមមាន ស្ថាប័ន​អវកាស​របស់​សហរដ្ឋ​អាម៉េរិក រុស្ស៊ី អឺរ៉ុប កាណាដា និង​ជប៉ុន។

គម្រោង​នៅ​ចំពោះ​មុខ​​​គឺ​ការ​បញ្ឆេះ​ម៉ាស៊ីន​របស់​យានអវកាស​ដឹកទំនិញ​ស្វ័យប្រវត្ត Progress របស់​រុស្ស៊ី ដើម្បីឱ្យ ISS បន្ទាបខ្លួន​ជាបណ្ដើរ។ រុស្ស៊ី​ក៏បាន​ប្រកាស​ដកខ្លួន​ពី ISS បន្ទាប់ពី​ឆ្នាំ 2024 ដើម្បី​សាងសង់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន។ ព័ត៌មាន​នេះ​ទំនងជា​បាន​ជំរុញ​ឱ្យ​ណា​សា​អភិវឌ្ឍ​យានអវកាស​ថ្មី។

ណា​សា​ក៏បាន​ឱ្យដឹងថា ថវិកា​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​សម្រាប់​កម្មវិធី Artemis គឺ 8.1 ពាន់​លាន​ដុល្លារ។ កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​ឱ្យ​ណា​សា​អនុវត្ត​បេសកកម្ម Artemis 2 និង Artemis 3 នៅ​ឆ្នាំ 2024 និង 2025។ នេះ​បើ​យោងតាម​ទំព័រ Space។

បេសកកម្ម Artemis 2 នឹង​នាំ​អ្នក​អវកាស​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈដែល Artemis 3 នឹង​ចុះចត​ក្បែរ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​នៅក្នុង​បេសកកម្ម​មាន​មនុស្ស​ដំបូង រាប់​ចាប់តាំងពី​សម័យ Apollo 17 កាលពី​ឆ្នាំ 1972។ ចំណែក បេសកកម្ម Artemis 4 ដែល​គ្រោង​នឹង​ដំឡើង​ស្ថានីយ​អវកាស Gateway របស់​ណា​សា​នៅលើ​គន្លង​គោចរ​ព្រះ​ចន្ទ នឹងត្រូវ​ពន្យារពេល​ដល់​ឆ្នាំ 2028 បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ត្រូវ​តាម​ផែនការ៕

Advertisement