ក្រុម​ហ៊ុន​អាម៉េរិក​ផលិត​នាវា​ដំណើរការ​ដោយ​អាម៉ូញ៉ាក់​​មិន​បំភាយ​ឧស្ម័ន​ពុល

ក្រុមហ៊ុន Amogy ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Brooklyn មាន​គម្រោង​សាកល្បង​នាវា​ដំណើរការ​ដោយ​ថាមពល​អាម៉ូញ៉ាក់ (Ammonia) នៅក្នុង​ឆ្នាំនេះ ហើយ​ផលិត និង​លក់​ចាប់ពី​ឆ្នាំក្រោយ។

វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ មានបំណង​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន។ ក៏ប៉ុន្តែ បច្ចេកវិទ្យា​ថ្ម​ផ្ទុក​អគ្គិសនី​បច្ចុប្បន្ន​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ដឹកជញ្ជូនតាម​​ផ្លូវ​សមុទ្រ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន។ ដូច្នេះ អាម៉ូញ៉ាក់ (NH3) គឺជា​ដំណោះស្រាយ​ល្អ​ប្រកបដោយ​សក្ដានុពល។ នេះ​បើតាម​ក្រុមហ៊ុន Amogy ប្រកាស​កាលពី​សប្ដាហ៍​ក​ន្ល​ង។

កាលពី​ឆ្នាំមុន ក្រុមហ៊ុន​នេះ​បានបង្ហាញ​ពី​វិធី​ផ្គត់ផ្គង់​ថាមពល​សម្រាប់​យានយន្ត​ធុន​ធ្ងន់​នៅលើ​ដីគោក ដោយ​ប្រើប្រាស់​អាម៉ូញ៉ាក់។ ឆ្នាំនេះ Amogy នឹង​ផ្ដោតទៅលើ​ការអភិវឌ្ឍ និង​បង្ហាញ​បច្ចេកវិទ្យា​របស់ខ្លួន​ដែល​ប្រើប្រាស់​ក្នុងកប៉ាល់ ដោយ​ចាប់ផ្ដើម​ជាមួយនឹង​កប៉ាល់​សណ្ដោង។

Amogy នឹង​ជ្រើស​យក​កប៉ាល់​​ផលិត​កាលពី​ឆ្នាំ 1957 ដែល​​ប្រើប្រាស់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ម៉ូ​ទ័​រ​រប​ស់វា។ ក្រុមហ៊ុន​មាន​គម្រោង​ដាក់​​ជំនួស​ម៉ាស៊ីន​ផលិត​អគ្គិសនី​ប្រើ​​ម៉ា​ស៊ូ​ត ដោយ​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដើរ​ដោយ​អាម៉ូញ៉ាក់។ ម៉ាស៊ីន​អាម៉ូញ៉ាក់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ច្រើនជាង​បី​ដង​ធៀប​នឹង​ម៉ាស៊ីន​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្ហាញ​ពី​រថយន្ត​ទ្រុងនា​ពេល​កន្លង។

កន្លងមក Amogy បាន​ប្រើប្រាស់​អាម៉ូញ៉ាក់​ធ្វើជា​ឥន្ធនៈ​សម្រាប់​ដុត ប៉ុន្តែ​ក្នុងការ​បង្ហាញបច្ចេក​វិទ្យា​នៅ​​លើ​សមុទ្រ ពួកគេ​មាន​គម្រោង​បំបែក​សមាសធាតុ​នេះ​ទៅជា​អ៊ីដ្រូសែន និង​អាសូត អនុញ្ញាតឱ្យ​ប្រើប្រាស់​បាន​ក្នុង​ថ្ម​ផ្ទុក​ថាមពល​ដើម្បី​ផលិត​អគ្គិសនី និង​ផ្គត់ផ្គង់​ថាមពល​ដល់​ម៉ាស៊ីន។

អាម៉ូញ៉ាក់​អាច​នឹង​មិនមាន​ថាមពល​ខ្លាំង​ដូច​ប្រេងម៉ាស៊ូត តែ​ចំហេះ​របស់​វា​មិន​បំ​ភាយ​ឧស្ម័ន​កាបូន​ឡើយ។ ទោះជា​យ៉ាងនេះ​ក៏ដោយ ដំណើរ​ការផលិត​អាម៉ូញ៉ាក់​នាពេល​បច្ចុប្បន្ន​នៅតែ​ជា​ប្រភព​បំ​ភាយ​ឧស្ម័ន។ ក្រុមហ៊ុន Amogy កំពុង​ប្រឹងប្រែង​ដើម្បី​ផលិត​អាម៉ូញ៉ាក់​ដែល​ស្អាត​ជាង​នេះ​ក្នុងពេលឆាប់ៗខាងមុខ៕

Advertisement