«រថយន្ត​អគ្គិសនី​​បើក​បរ​ស្វ័យ​ប្រវត្ត​តម្លៃ​ទាប» ​របស់ Elon Musk ជិត​​​បង្ហាញខ្លួន

Elon Musk បានឱ្យដឹងថា ម៉ូ​ដែល​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ដែល​ជិត​បង្ហាញ​វត្តមាន​របស់ Tesla នឹង​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត។

ក្រោយពី​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ប្រកាស​លើកដំបូង​កាលពី​ឆ្នាំ 2020 Tesla ក៏បាន​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប ហើយ​វា​​ក៏​​ជិត​ត្រូវបាន​បង្ហាញខ្លួន​ ជាមួយនឹង​តម្លៃ​ប្រហែល 2.5 ម៉ឺន​ដុល្លារ​អាម៉េរិក។

ថ្មីៗនេះ លោក Musk បាន​រម្លឹក​ដល់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត នៅក្នុង​កិច្ច​សម្ភាស​មួយ​នៅ​សន្និសីទ Morgan Stanley។ លោក Musk ថា «មាន​គម្រោង​លំអិត​មួយ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​តូច​ជាង និងមាន​​ការចំណាយ​ក្នុងការ​ផលិត​ទាប​ជាង​ពាក់កណ្ដាល​ធៀប​នឹង Model 3។ រថយន្ត​នោះ​នឹង​បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត»។

រថយន្តអគ្គិសនី​តម្លៃ​ទាប​បើកបរ​ដោយ​ស្វ័យ​ប្រវត្ត​របស់ Tesla នឹង​មាន​តម្លៃ​ប្រហែល 25,000 ដុល្លារ​អាម៉េរិក

ក្រោយមក លោក Musk បន្ត​និយាយថា រថយន្ត​ខាងលើនេះ​នឹង​អាច​បើកបរ​បាន​ពី 50 ទៅ 60 ម៉ោង/សប្ដាហ៍ យូរ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ពី 10 ទៅ 12 ម៉ោង​របស់​រថយន្ត​​អគ្គិសនី​ដឹក​អ្នកដំណើរ​នាបច្ចុប្បន្ន៕

Advertisement