យន្តហោះ​អ៊ីដ្រូសែន​ធំជាងគេ​លើ​ពិភពលោក ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ

យន្តហោះ​អ៊ីដ្រូសែន ATR72

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​គំរូ ATR72 មាន​កៅអី 40 ហោះហើរ​ដោយ​ប្រើ​ថាមពល​អ៊ីដ្រូសែន​ក្នុង​រយៈពេល 15 នាទី អាច​ហោះ​ឡើងដល់​កម្ពស់ 1,000 ម៉ែត្រ។

យន្តហោះ​ដឹក​អ្នកដំណើរ 40 កៅអី ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន ដែល​បាន​ហោះហើរ​សាកល្បង លើកដំបូង​បាន​ជោគជ័យ ត្រូវបាន​ធ្វើឡើង​ដោយ Universal Hydrogen។ ក្រុមហ៊ុន​នេះ​ឱ្យដឹងថា យន្តហោះ​បាន​ហោះ​ឡើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខណ្ឌ Grant នៅ​វ៉ា​ស៊ី​ង​តោន និង​ហោះ​ឡើងដល់​កម្ពស់ 1,066 ម៉ែត្រ​ដោយ​ប្រើពេល​តែ 15 នាទី។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 03 មីនា 2023។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Los Angeles នេះ ​បាន​ប្ដូរ​ប្រព័ន្ធ​បញ្ជូន​កម្លាំង​របស់​យន្ត​ហោះ​ដោយ​ការផ្លាស់​មួយ​ក្នុង​ចំ​ណោ​យ​ទួ​រ​ប៊ី​ន​ម៉ូ​ទ័​រ​ចំនួន​ពីររបស់​យន្តហោះ​ និង​ជំនួស​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​ប្រើប្រាស់​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន។ ជា​លទ្ធផល អ្នកបើកបរ​អាច​កាត់​បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីន​ធម្មតា​ក្នុងពេល​ហោះហើរ។

កញ្ចប់​ប្ដូរផ្លាស់​ម៉ាស៊ីន​របស់ Universal Hydrogen បាន​លុបបំបាត់​តម្រូវការ​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​ថ្មី​ទាំងស្រុង។ ក្រុមហ៊ុន​នេះ​បានធ្វើ​ការហោះហើរ​សាកល្បង​ដោយមាន​កិច្ចសហការ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Connect និង Amelia ដើម្បី​សុំ​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក។

យោងតាម Universal Hydrogen នេះ​គឺជា​ការសាកល្បង​ដំបូង​នៅក្នុង​គម្រោង​សាកល្បង​ពីរ​ឆ្នាំ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ 2025។ ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​​ការបញ្ជាទិញ​សេវាកម្ម​ប្ដូរផ្លាស់​ម៉ាស៊ីន​​របស់​យន្តហោះ​ចំនួន 247 គ្រឿង​ពី​អតិថិជន 16 ស្ថាប័ន​មកពី​ជុំវិញ​ពិភពលោក ក្នុងតម្លៃ​សរុប​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement