ពី​ឡុ​ត AI យកឈ្នះ​លើ​ពី​ឡុ​តមនុស្ស​ក្នុង «​សង្គ្រាម» ​នៅ​ប្រទេស​ចិន

យន្តហោះនេះ (​ក្នុង​រង្វង់​ក្រហម​) ត្រូវ​បាន​បញ្ជា​ដោយ​ពីឡុត​បញ្ញា​សិប្បនិម្មិត​

ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​ជួរ​កងទ័ព​ចិន​បានធ្វើ​សង្គ្រាម​មួយ​ទល់នឹង​មួយ ​រវាង​យន្តហោះ​ដ្រូ​ន​ដែល​បញ្ជា​ដោយ​បញ្ញា​សិប្បនិម្មិត (AI) និង​យន្តហោះ​ដែល​បញ្ជា​ដោយ​មនុស្ស​នៅក្នុង​ស្ថានភាព​ពិត។

ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​បានបង្ហាញ​ប្រសិទ្ធភាព​យ៉ាង​លេចធ្លោ​នៅក្នុង​សង្គ្រាម និង​តែងតែ​ធ្វើឱ្យ​សត្រូវ​ស្ថិតក្នុង​ស្ថានភាព «ចាញ់​ប្រៀប»។ លទ្ធផល​នៃ​ការសាកល្បង​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Acta Aeronautica et Astronautica Sinica របស់​ប្រទេស​ចិន​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 មួយខែ​ក្រោយពី​កងទ័ព​អាម៉េរិក​បានឱ្យដឹងថា អ្នកបើកបរ​យន្តហោះ AI ថ្មីៗនេះ​បាន​ចូលរួម​ការសាកល្បង​ជាច្រើន រួមទាំង​ការធ្វើ​សមយុទ្ធ​លើ​យន្តហោះ​ចម្បាំង F-16 ផងដែរ។

សង្គ្រាម​អាកាស​ដែល​ធ្វើតេស្ត​ដោយ​ប្រទេស​ចិននេះ​​រួមមាន កូន​យន្តហោះ​ពីរ​គ្រឿង ក្នុងនោះ​មួយគ្រឿង​គ្រប់គ្រង​ដោយ​ពី​ឡុ​ត AI និង​មួយគ្រឿង​ទៀត​បើកបរ​ពី​ចម្ងាយ​ដោយ​មនុស្ស។ ពេល​សង្គ្រាម​ផ្ទុះឡើង ពី​ឡុ​តពិត​ផ្លាស់​ទី​ទៅមុខ​ដើម្បី​មានប្រៀបជាង និង​បាន​នៅ​ពីលើ។ ប៉ុន្តែ ពី​ឡុ​ត AI ស្មា​ត​ត្រូវ​គំនិត​របស់​សត្រូវ និង​ទប់ទល់​ដោយ​ការហោះ​តាមយ៉ាង​​ប្រកិត​ពីក្រោយ។

យន្តហោះ​ដែល​បញ្ជា​ដោយ​មនុស្ស ហោះ​ដាំ​ក្បាល​ទៅ​ក្រោម​ដើម្បី​បញ្ឆោត​យន្តហោះ AI ហោះ​តាម ក្នុង​បំណង​ធ្វើឱ្យ​វាជ្រុល​ទៅ​​បុក​នឹង​ដី។ ប៉ុន្តែ យន្តហោះ AI ក៏បាន​ផ្លាស់​ទី​ទៅកាន់​ទីតាំង​ពួនស្ទាក់ និង​រង់ចាំ​សត្រូវ​ហោះ​ឡើង​ខ្ពស់។ ពី​ឡុ​តពិត​បាន​សាកល្បង​យុទ្ធសាស្ត្រផ្សេងៗគ្នា​ជាច្រើន​ដើម្បី​បញ្ឆោត​នៅក្នុង​ការដេញ​តាម​គ្នានេះ។ ក្រុម​វិស្វករ​បាន​ផ្អាក​ការសាកល្បង​ត្រឹម​វិនាទី​ទី 90 ដោយសារតែ​ពី​ឡុ​តពិត​មិនអាច​គេចផុត​ពី​ពី​ឡុ​ត AI។

គម្រោង​ខាងលើនេះ​ត្រូវបាន​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Huang Juntao នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​អាវុធ​អនាគតរបស់​កងទ័ព​ចិន។

ក្នុង​សង្គ្រាម​ខាងលើ ពី​ឡុ​ត AI មានប្រៀប​ជាង​ច្រើន​ចំ​ណុ​ច បើ​ធៀប​នឹង​ពី​ឡុ​តពិត ពិសេស​គឺ​ការគិត និង​ការសម្រេចចិត្ត​របស់​ពីឡុត​ AI ​មាន​ភាព​រហ័ស មិន​ភ័យខ្លាច និង​អាច​ស្មាន​ត្រូវការ​វិវិត្ត​នៃ​ឆាកប្រយុទ្ធ។ ​ក្រុម​អ្នកជំនាញ​របស់​ចិន​មិនបាន​ឱ្យដឹង​ច្បាស់​អំពី​ពេលវេលា និង​ទីកន្លែង​នៃ​ការសាកល្បង​បច្ចេកវិទ្យា​ខាងលើ ប៉ុន្តែ​ការបញ្ជូន​អត្ថបទ​ព័ត៌មាន​ត្រូវបាន​ធ្វើឡើង​មុន​ខែតុលា 2022។

បច្ចេកវិទ្យា​ខាងលើ​នេះ​ប្រាកដជា​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ជួរ​កង​ទ័ព​ចិន​នា​ពេល​ខាងមុខ​ ហើយ​អនាគត ពីឡុត​ AI ក៏​​នឹង​មាន​វត្តមាន​នៅ​ក្នុងជួរ​​ទ័ព​អាកាស​​របស់​ប្រទេស​មហា​អំណាច​នានា​លើ​ពិភពលោក​៕

Advertisement