
ក្រុមហ៊ុន HI-FIVED របស់អង់គ្លេស ទើបតែទទួលបានថវិកាឧបត្ថម្ភ 6.46 លានដុល្លារអាម៉េរិកពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍកប៉ាល់អ៊ីដ្រូសែន ក្នុងបំណងបន្សាបកាបូននៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក។
យោងតាមការពិពណ៌នានៅលើគេហទំព័ររបស់ HI-FIVED កប៉ាល់ដែលមានឈ្មោះថា H-USV នឹងអាចផ្ទុកទំនិញបាន 4.5 តោន ផ្លាស់ទីក្នុងល្បឿន 7.4 គីឡូម៉ែត្រ/ម៉ោង ហើយអាចធ្វើដំណើរជាបន្តបន្ទាប់ពី 40 ទៅ 60 ថ្ងៃ។ នេះគឺជាកប៉ាល់បើកបរស្វ័យប្រវត្តដំណើរការដោយអ៊ីដ្រូសែនរាវដំបូងគេលើពិភពលោក។ ការប្រើប្រាស់អ៊ីដ្រូសែនធ្វើជាឥន្ធនៈនឹងជួយកាត់បន្ថយបរិមាណឧស្ម័យកាបូនបានរហូតដល់ 99.1% នៅក្នុងវិស័យដឹកជញ្ជូន។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 27 កុម្ភៈ 2023។
H-USV ប្រើប្រាស់សេនសឺរបរិស្ថាន និងបញ្ញាសិប្បនិម្មិតដើម្បីវិភាគទិន្នន័យ ស្វែងរកការគំរាមកំហែង ឬឧបសគ្គ និងសម្រេចចិត្តក្នុងពេលវេលាជាក់ស្ដែង។

ក្រុមហ៊ុន Unitrove មានទីស្នាក់ការកណ្ដាលនៅ Leceister ដែលជាសមាជិកមួយរបស់ HI-FIVED នឹងផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់កប៉ាល់ H-USV ដើម្បីអភិវឌ្ឍផ្លូវគមនាគមន៍បៃតងរវាងទីក្រុង Aberdeen នៅស្កុតឡែន និងប្រជុំកោះ Orkney និង Shetland ដែលមានចម្ងាយពីដីគោករបស់ស្កុតឡែនប្រហែល 9.6 គីឡូម៉ែត្រ។
កប៉ាល់ H-USV ដំបូងៗត្រូវបានគេគ្រោងនឹងប្រគល់ឱ្យដៃគូសហការចាប់ពីឆ្នាំ 2024។ រាជរដ្ឋាភិបាលអង់គ្លេសកំពុងរកវិធីដើម្បីផលិតអ៊ីដ្រូសែនស្អាតជាងបច្ចុប្បន្ន តាមរយៈការស្រូបទាញយកកាបូនដែលបំភាយចេញពីការផលិតអ៊ីដ្រូសែន ឬប្រើប្រាស់ទឹកជាប្រភពសម្រាប់ចម្រាញ់ ជំនួសឱ្យឧស្ម័នធម្មជាតិ៕
