ចិន​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ដើម្បី​ប្រជែង​នឹង​ Starlink របស់​អាម៉េរិក

គម្រោង GW របស់​ចិន​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​​ជាង​មួយ​ម៉ឺន​គ្រឿង​ ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ប្រព័ន្ធ​ផ្កាយរណបអ៊ីនធើណិត​ Starlink របស់​អាម៉េរិក។

ចិន​កំពុង​រៀប​គម្រោង​ស្ថាបនា​ប្រព័ន្ធ​ផ្កាយរណប​មួយ​ដ៏​ធំ​ដើម្បី​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តដល់​អ្នកប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក និង​ដើម្បី​​ប្រកួតប្រជែង​ជាមួយនឹង​ប្រព័ន្ធ​ផ្កាយរណប Starlink របស់ SpaceX នៅ​សហរដ្ឋ​អាម៉េរិក។ គម្រោង​​ថ្មី​របស់​ក្រុមហ៊ុន​ចិន​នេះ​មាន​ឈ្មោះថា GW នេះ​បើតាម​ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Xu Can មកពី​សាកលវិទ្យាល័យ​បច្ចេកទេស​អវកាស​នៅ​ប៉េកាំង។

ក្នុង​អត្ថបទ​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Command Control and Simulation របស់​ចិន កាលពី​ថ្ងៃទី 15 កុម្ភៈ លោក Xu Can និង​សហការី​បានឱ្យដឹង​ GW ដែល​នឹងមាន​ផ្កាយរណប​សរុប 12,992 គ្រឿង គឺជា​គម្រោង​របស់​ក្រុមហ៊ុន​បណ្ដាញ​ផ្កាយរណប​ចិន​ដែល​ទើប​ត្រូវបាន​បង្កើតឡើង​នាពេលថ្មីៗនេះ។ ពួកគេ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​កាលបរិច្ឆេទ​នៃ​ការបាញ់​បង្ហោះ​ផ្កាយរណប​ទាំងនេះ ប៉ុន្តែ​ចំនួន​នេះ​នឹង​គ្រប់គ្រាន់​សម្រាប់​ការប្រកួតប្រជែង​ជាមួយនឹង​ផ្កាយរណប​ជាង 12,000 គ្រឿង​ដែល SpaceX គ្រោង​នឹង​សម្រេចបាន​នៅ​ឆ្នាំ 2027។

តាម​ការប៉ាន់ស្មាន ផ្កាយរណប​របស់​គម្រោង GW អាច​នឹង​ត្រូវបាន​បាញ់​បង្ហោះ​ជា​បន្តបន្ទាប់ និង​យ៉ាងឆាប់​​រហ័ស មុនពេល SpaceX ស្ថាបនា Starlink បាន​ពេញលេញ។ GW ទំនងជា​នឹងត្រូវ​បានដាក់​លើ​គន្លង​គោចរ​ដែល Starlink មិនអាច​ហោះ​ទៅដល់ ដើម្បី​មានប្រៀប​ជាង​លើ​រយៈកម្ពស់។

យោងតាម SpaceX បណ្ដាញ​ផ្កាយរណប Starlink បច្ចុប្បន្ន​មាន​ជិត 3,000 គ្រឿង ដែល​ស្ថិតនៅលើ​គន្លង​គោចរ ហើយ​គ្រោង​នឹង​កើន​ឡើងដល់​ជាង 40,000 គ្រឿងនៅ​ពេល​ពេញ​លេញ​៕

Advertisement