អង្គការ​អវកាស​អឺរ៉ុប​មាន​គម្រោង​ «ដាំដំណាំ​​លើទឹក​នៅ​ឋាន​ព្រះ​ចន្ទ»

រូប​ភាព​គំរូ​ស្ដីពី​ការ​ដាំដំណាំ​លើ​ទឹក​នៅ​លើឋាន​ព្រះចន្ទ

អង្គការ​អវកាស​អឺរ៉ុប (ESA) កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Solsys Mining របស់​ប្រទេស​ន័​រ​វែ​ស​ដើម្បី​អភិវឌ្ឍ​វិធីសាស្ត្រ​កែច្នៃ​ដី​របស់​ព្រះ​ចន្ទ​ឱ្យទៅជា​ជី​សម្រាប់​ដំណាំ​លើទឹកនៅ​លើ​ភព​រណប​នេះ​។

ការដាំ​រុក្ខជាតិ​លើ​ឋាន​ព្រះ​ចន្ទ​ពិតជា​ចាំបាច់​សម្រាប់​មហិច្ឆតា​ប​ង្ហា​ញ​វត្តមាន​យូរអង្វែង​របស់​មនុស្ស​ជាតិ​នៅលើ​ដី​របស់​លោក​ខែ។ ប៉ុន្តែ​នេះ​នឹង​ជាការ​ងារ​ដ៏​លំបាក ព្រោះថា​ដី​នៅលើ​ឋាន​ព្រះ​ចន្ទ​ខ្វះ​សារធាតុ​អាសូត ដែល​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​​ការ​រីកលូតលាស់រ​បស់​រុក្ខជាតិ។

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​កសិកម្ម Solsys Mining វិទ្យាស្ថាន​បច្ចេកទេស​ន័​រ​វែ​ស និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរ​វិជ្ជា​ក្នុង​វិស័យ​​អវកាស​ ដើម្បី​ស្រាវជ្រាវ​លើ​ការប្រើប្រាស់​ដី​បែប​ថ្មី​លើ​ឋាន​ព្រះ​ចន្ទសម្រាប់​គម្រោង​ «ដាំ​ដំណាំ​លើទឹក» ដោយ​មិនបាច់​មាន​ដី។

គម្រោង​ដែល​នាំមុខ​ដោយ ESA គឺ​ផ្ដោតទៅលើ​ការស្វែងរក​វិធីសាស្ត្រ​ថ្មី​ដើម្បី​ចម្រាញ់​សារធាតុ​​បំប៉ន​ពី​ដី​ព្រះ​ចន្ទ ដើម្បី​ធ្វើជា​ជី​សម្រាប់​ដំណាំ​លើ​​ទឹក។ ដំណើរការ​ស្រាវជ្រាវ​គ្រោង​នឹងអូសបន្លាយ​ពេល​ដល់​ចុងឆ្នាំ 2023 ដោយមាន​ថវិកា​ប្រមាណ 100,000 អឺរ៉ូប (ប្រហែល 106,000 ដុល្លារ​អាម៉េរិក)។

ការដាំ​ដំណាំ​លើទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ​ ទាមទារ​ឱ្យមាន​រោងចក្រ​កែច្នៃ​នៅលើ​ភព​រណប​មួយ​នេះ​ដើម្បី​ចម្រាញ់​យក​បណ្ដា​សារធាតុ​បំប៉ន​ពី​ដី​ព្រះ​ចន្ទ មុនពេល​បញ្ចូល​វា​ទៅ​ក្នុងផ្ទះ​កញ្ចក់​សម្រាប់​ផ្គត់ផ្គង់​ដល់​ដំណាំ​លើទឹក។

«ដើម្បី​បង្កើតឱ្យមាន​វត្តមាន​យូរអង្វែង​លើ​ឋាន​ព្រះ​ចន្ទ មនុស្ស​ត្រូវការ​ប្រើប្រាស់​ប្រភពធនធាន​ដែលមាន​ស្រាប់ និង​ទាញយក​សារធាតុ​បំប៉ន​នានា​ដែល​នៅក្នុង​ស្រទាប់ដី​របស់​ព្រះ​ចន្ទ​សម្រាប់​ការដាំដុះ» វិស្វករ Malgorzata Holynska របស់​អង្គការ ESA សង្កត់ធ្ងន់​ដូច្នេះ។

យោងតាម Interesting Engineering ការស្រាវជ្រាវ​ខាងលើនេះ​នឹង​រួមចំណែក​ក្នុងការ​បើកផ្លូវ​សម្រាប់​បេសក​កម្ម​ព្រះ​ចន្ទ​នាពេល​អនាគត ដែល​ដូច​ទៅនឹង​កម្មវិធី Artemis របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ជាដើម៕

Advertisement