អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់​មហាសេដ្ឋី Elon Musk មកដល់​កម្ពុជា​ក្នុងឆ្នាំនេះ

សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប Starlink ដែលមាន​តម្លៃ​ប្រហែល 49 ដុល្លារ​អាម៉េរិក/ខែ ចាប់ផ្ដើម​ផ្គត់ផ្គង់​តាំងពី​ម្សិលមិញ (22 កុម្ភៈ) នៅ​ហ្វ៊ី​លី​ពី​ន ហើយ​គ្រោង​នឹង​ផ្គត់ផ្គង់​នៅ​កម្ពុជា និង​ប្រទេស​មួយចំនួនទៀត​នៅ​អាស៊ីអាគ្នេយ៍​ចាប់ពី​ឆ្នាំ 2023 នេះ។

«Starlink បាន​មាន​វត្ត​មាននៅ​ហ្វ៊ី​លី​ពី​ន» គណនី Twitter របស់ SpaceX បាន​បង្ហោះ​សារ​ជា​ភាសា​ក្នុងស្រុក​មួយ​ឃ្លា​ដូច្នេះ​កាលពី​រសៀល​ថ្ងៃទី 22 កុម្ភៈ។ មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ក៏បាន​ចែករំលែក​បន្ត​សារ​នេះ​ផងដែរ។

នៅក្នុង​ផែនទី​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត Starlink ហ្វ៊ី​លី​ពី​ន​គឺជា​ប្រទេស​ដំបូង​នៅ​អាស៊ីអាគ្នេយ៍​ដែល​ត្រូវបាន​ពង្រាយ​សេវា​កម្មនេះ។ ចំណែក​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ព្រុយ​ណេ សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី ក៏​គ្រោង​នឹងមាន​សេវា​អ៊ី​ន​ធើ​ណិ​ត Starlink នៅក្នុង​ឆ្នាំនេះ ខណៈ​ឡាវ​នឹង​មាននៅ​ឆ្នាំក្រោយ។ ដោយឡែក ប្រទេស​ថៃ និង​វៀតណាម ពុំទាន់​ឃើញ​មានការ​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ។

ដើម្បី​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត Starlink អតិថិជន​នៅ​ហ្វ៊ី​លី​ពី​ន​ត្រូវ​ទិញ​ឧបករណ៍​ចាប់​រលកសញ្ញា​តម្លៃ 29,320 ប៉េ​សូ (ប្រហែល 532 ដុល្លារ​អាម៉េរិក) និង​ថ្លៃ​សេវា​អ៊ី​ន​ធើ​ណិ​ត​ប្រចាំខែ 2,700 ប៉េ​សូ (49 ដុល្លារ) ក្នុង​មួយខែ។ ល្បឿន​នៃ​ការទាញយក​ទិន្នន័យ​ដោយ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត Starlink ស្ថិតក្នុង​ចន្លោះ​ពី 50 ទៅ 200 Mbps៕

Advertisement