«នាវា​ទេសចរណ៍​ហោះ» របស់​ក្រុម​ហ៊ុន​​ Lazzarini ដំណើរការ​ដោយ​ថាមពល​អ៊ីដ្រូសែន

ក្រុមហ៊ុន​រចនា Lazzarini របស់​អ៊ីតាលី បាន​បង្ហើប​ឱ្យដឹងពី​គំរូ​នាវា​ទេសចរណ៍​លំដាប់​ប្រណិត អាច​ហោះ​ក្បែរ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន 140 គីឡូម៉ែត្រ/ម៉ោង។

នាវា​ទេសចរណ៍​លំដាប់​ប្រណិត​នេះ​ត្រូវបាន​ហៅថា Plectrum យក​លំនាំ​តាម​នាវា​ប្រណាំង Luna Rossa របស់​ក្លឹប American Magic ដោយ​ប្រើប្រាស់​ស្លាប​ក្រោម​ទឹក​ជំនាន់​ថ្មី។ នាវា​នេះ​នឹងមាន​ប្រវែង 74 ម៉ែត្រ និង​ត្រូវបាន​ផលិត​ពី​វត្ថុ​ធាតុ​កាបូន​ស្រាល នេះ​បើ​​តាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 25 មករា របស់ Interesting Engineering។

Plectrum មាន 4 ជាន់, បន្ទប់ទទួលភ្ញៀវ​ចំនួន 6, បន្ទប់​មួយ​ជួរ​​សម្រាប់​ម្ចាស់​នាវា, អាង​ហែល​ទឹក​ខាងក្រៅ​បន្ទប់, កន្លែង​ដាក់​ឧទ្ធម្ភាគចក្រ, កន្លែង​ដាក់​រថយន្ត និង​កន្លែង​ដាក់​ទូក។

ជំនួស​ឱ្យ​ការរត់​ដោយ​កម្លាំង​ខ្យល់​ដូច Luna Rossa គំរូ concept នៃ​នាវា​ទេសចរណ៍​ប្រណិត Plectrum ប្រើប្រាស់​ម៉ូ​ទ័​រ​ចំនួន 3 គ្រឿង​ដែល​ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន ហើយ​ក្នុងមួយគ្រឿងៗមាន​កម្លាំង 5,000 សេះ។ Plectrum មាន​ប្រព័ន្ធ​ស្លាប​ក្រោម​ទឹក​ដែល​ជួយ​លើក​ដងខ្លួន​របស់​វា​ឡើង​ផុតពី​ផ្ទៃ​ទឹក​ពេល​កំពុង​បើកបរ ដែល​ដូច​ទៅនឹង​ការហោះហើរ​ក្នុង​ល្បឿន​ឡើងដល់ 139 គីឡូម៉ែត្រ/ម៉ោង។

បើទោះជា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ជា​គំនិត​នៅឡើយ ប៉ុន្តែ ក្រុមហ៊ុន Lazzarini បានឱ្យដឹងថា Plectrum អាច​ត្រូវបាន​សាងសង់​ទៅតាម​សំណើ​ក្នុងតម្លៃ 80 លាន​អឺរ៉ូ និង​អាច​ដាក់ចុះ​ទឹក​នៅ​ឆ្នាំ 2025។

ថ្មីៗនេះ ក្រុមហ៊ុន​ខាងលើ​ក៏បាន​បង្ក​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​នាវា​ទេសចរណ៍ Pangeos ខ្នាត​យក្ស។ នាវា​នេះ​មាន​រូបរាង​ដូច​ទៅនឹង​សត្វ​អណ្ដើក​បណ្ដោយ 550 ម៉ែត្រ និង​មាន​សណ្ឋាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧទ្យាន កំពង់​​ផែ ព្រលានយន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​ដែល​អាចជួយ​ឱ្យ​អតិថិជន 60,000 នាក់​រស់​នៅលើ​សមុទ្រ​បាន​យ៉ាង​មាន​ផាសុកភាព៕

Advertisement