មេធាវី​រ៉ូ​បូត​ដំបូង​គេ​លើ​ពិភពលោក ជិត​បាន​ឡើង​​ការពារ​ក្ដី​ឱ្យ​មនុស្សនៅ​តុលាការ

(សហរដ្ឋ​អាម៉េរិក)- រ៉ូបូត​​បំបាក់​បច្ចេកវិទ្យា​បញ្ញា​​សប្ប​និម្មិត (AI) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន DoNotPay នឹង​ជួយ​ការ​​ពារ​កូនក្ដី​របស់ខ្លួន ប្រឆាំងនឹង​ការ​ផាក​​ពិន័យ​ចរាចរណ៍​នៅ​តុលាការ​ក្នុង​ខែកុម្ភៈ 2023។

មេធាវី​រ៉ូ​បូត AI មួយ ជិត​បង្កើតបាន​ប្រវត្តិសាស្ត្រ​​​នៅពេល​ក្លាយជា​រ៉ូបូត​ដំបូង​គេ​ដែល​ការពារ​កូនក្ដី​ជា​មនុស្ស​នៅក្នុង​សវនាការ នេះ​បើតាម IFL Science ចុះផ្សាយ​កាលពី​ថ្ងៃទី 09 មករា។ មេធាវី​រ៉ូ​បូត​នេះ​នឹង​ជួយ​រម្លឹក​ជនជាប់ចោទ លើកឡើង​នូវ​អំណះអំណាង​ល្អ​បំផុត ដើម្បី​ប្រឆាំងនឹង​ការ​ផាកពិន័យ​លើ​ករណី​បើកបរ​រថយន្ត​ហួស​ល្បឿន​កំណត់ នៅក្នុង​សវនាការ​មួយ​ដែល​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ខែ​ខាងមុខ។

មេធាវី​រ៉ូ​បូត​បំពាក់​បញ្ញា​សិប្បនិម្មិត​របស់​ក្រុមហ៊ុន DoNotPay នេះ ត្រូវបាន​អភិវឌ្ឍ​ក្នុង​ទម្រង់ Chatbot ជា​កម្មវិធី​កុំព្យូទ័រ​ដែល​អាច​ជជែក​តទល់​នឹង​គ្នា​បាន។ វា​ត្រូវបាន​ដំឡើង​នៅលើ​ទូរស័ព្ទដៃ ហើយ​លើកឡើង​នូវ​ការ​ក្រើនរម្លឹកល្អៗសម្រាប់​ជនជាប់ចោទ តាមរយៈ​កាស។ កូនក្ដី (ជនជាប់ចោទ) បាន​យល់ព្រម​និយាយ​តែ​អ្វីដែល AI បានស្នើ។

ករណី​ការពារ​ក្ដី​ខាងលើនេះ​ដើរតួនាទី​ដូច​ទៅនឹង​ការពិសោធ​មួយ​សម្រាប់​សេវាកម្ម​របស់ DoNotPay ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចេញ​ថ្លៃ​​ពិន័យ​ទាំងអស់ បើសិន​មេធាវី AI របស់​ពួក​គេ​នេះ មិនអាច​ជួយ​ឱ្យ​ជនជាប់ចោទ​ឈ្នះក្ដី។

សូមបញ្ជាក់ថា ដើមឡើយ DoNotPay ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2015 គឺជា​ក្រុមហ៊ុន​ដែល​ផ្ដោតលើ​បច្ចេកវិទ្យា Chatbot ជួយ​ឱ្យ​អតិថិជន​រួចផុត​ពី​បញ្ហា​ត្រូវ​បង់ប្រាក់​ពិន័យ និង​ការចំណាយ​លើ​ការទូទាត់​យឺត​ពេល​ជា​ដើម​។ល។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ផ្ដោតលើ AI ជាង​មុន ចាប់ពី​ឆ្នាំ 2020៕

Advertisement