ក្រុមហ៊ុន NanoFlowcell ផលិត​រថយន្ត​​អគ្គិសនី​ «មិនត្រូវ​ការ​ថ្ម​ផ្ទុក​ថាមពល»

7 ឆ្នាំ​កន្លងផុតទៅ រាប់​ចាប់ពី​ក្រុមហ៊ុន NanoFlowcell ប្រកាស​ពី​រថយន្ត​មិនត្រូវ​ការ​ថ្ម​ផ្ទុក​ថាមពល QUANTiNO ពេលនេះ ម៉ូ​ដែល​រថយន្ត​នេះ​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់ការ​​ផលិត។

ដំបូង​ឡើយ រថយន្ត​អគ្គិសនី​មិនត្រូវ​ការ​ថ្ម ឬ​អាគុយ QUANTiNO ត្រូវបាន​បង្ហាញ​ក្នុង​ទម្រង់​គំរូ (concept) នៅក្នុង​ពិព័រណ៍​រថយន្ត Geneva 2015។ បច្ចុប្បន្ន ក្រុមហ៊ុន NanoFlowcell កំពុង​ពង្រីក​សកម្មភាព​ទៅកាន់ សហរដ្ឋ​អាម៉េរិក ដោយសារតែ​គោលនយោបាយ​លើកស្ទួយ​យានយន្ត​អគ្គិសនី​របស់ រដ្ឋាភិបាល​ប្រទេស​នេះ។

រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​ប្រើប្រាស់​យន្តការ​មួយ​ដែល​ហៅថា bi-ION ដោយ​ដំណើរការ​នេះ​បង្កើត​អគ្គិសនី​តាមរយៈ​អន្តរ​កម្ម​របស់ អេឡិចត្រូលីត (electrolyte) ដែល​ជា​បន្ទុក​​អគ្គិសនី​វិជ្ជមាន និង​សារធាតុ anolyte ដែល​ជា​បន្ទុក​​អគ្គិសនី​អវិជ្ជមាន​នៅក្នុង​ស្រទាប់​ចម្រាញ់ជ្រើស​រើស​អ៊ីយ៉ុង។

ក្នុង​ប្រកាស​មួយ​នាពេលថ្មីៗនេះ ក្រុមហ៊ុន NanoFlowcell ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ក្រុង​ឡុង​ដ៍ បានឱ្យដឹង​នូវ​គោលបំណង​ផលិត​រថយន្ត​អគ្គិសនី QUANT E និង​សាងសង់​រោងចក្រ​ផលិត​សារធាតុ​គីមី និង​ឧបករណ៍ bi-ION ក្នុង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ផ្គត់ផ្គង់​គីមី bi-ION សម្រាប់​ឧបករណ៍​ដទៃទៀត​រប​ស់​ខ្លួន។ ប្រកាស​នេះ​ត្រូវបាន​លើកឡើង​អម​ជាមួយនឹង​គម្រោង​វាយលុក​ទីផ្សារ​អាម៉េរិក​ផងដែរ។

ក្រុមហ៊ុន NanoFlowcell បាន​បង្ហើប​ឱ្យដឹង​អំពី​កំណែ​ពិសេស​របស់​រថយន្ត​អគ្គិសនី​មិន​ប្រើប្រាស់​ថ្ម QUANTiNO ដែលមាន​ឈ្មោះ​​ថា 25។ រថយន្ត​នេះ​មាន​ដំបូល​ដែល​អាច​ដោះចេញ​បាន និង​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី កម្លាំង 320 សេះ។

យោងតាម​ក្រុមហ៊ុន​ខាងលើ ធាតុ​រាវ​អេឡិចត្រូលីត bi-ION 1 ធុង 250 លីត្រ ​របស់​រថយន្ត​នេះ​អាច​បើក​បរបាន 2,000 គីឡូម៉ែត្រ។ ដើម្បី​ចាក់​ឥន្ធនៈ​នេះ គេ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ប្រើប្រាស់​ដំណោះស្រាយ bi-ION របស់​ក្រុមហ៊ុន NanoFlowcell។

ធាតុ​រាវ​អេឡិចត្រូលីត bi-ION 12.5 លីត្រ អាចឱ្យ​រថយន្ត​របស់ NanoFlowcell បរបាន 100 គីឡូម៉ែត្រ។ ថ្វីបើ​មិន​ប្រៀប​ស្មើនឹង​រថយន្ត​ប្រើ​ប្រេងសាំង ប៉ុន្តែ យើង​ត្រូវ​ដឹងថា ធាតុ​រាវ​អេឡិចត្រូលីត​មិន​បង្ក​គ្រោះថ្នាក់ ​មិន​ងាយ​ឆេះ និង​មិន​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ឧស្ម័ន​​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ៕

 

Advertisement