កាស​របស់ Dyson បំពាក់​ឧបករណ៍​បន្សុទ្ធ​ខ្យល់​ និង​បំបាត់​សំឡេង​រំខាន

កាស​ Dyson Zone មាន​រូប​រាង​ចម្លែក ដែល​ជា​ការ​រួម​ផ្សំ​រវាង​កាស​បំបាត់​សំឡេង​រំខាន និង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ខ្នាត​ល្អិត​។

តាម​គម្រោង​ Dyson Zone នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុ​ងឆ្នាំ​នេះ​ ជាមួយ​នឹង​តម្លៃ​ ៥០០ ដុល្លារ​។ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ខ្នាត​ល្អិត​របស់ Dyson Zone ​នឹង​​ចម្រាញ់​ចោល​ធូលី​ ក៏​ដូចជា​សារធាតុ​អាក្រក់​ ហើយ​​បាញ់ខ្យល់​ដែល​បន្សុទ្ធ​រួច​ ចូល​ទៅ​ក្បែរ​ច្រមុះ​ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ដកដង្ហើមចូល​។

ចំណុច​ពិសេស​របស់​ Dyson Zone នោះ​គឺ​ វា​មាន​បន្ទះ​បាំង​មុខ​ដែល​មិន​ប៉ះទៅ​នឹង​ផ្ទៃ​មុខ ឬ​មាត់​ មិន​​ដូចទៅ​នឹង​ម៉ាស​ ប៉ុន្តែ វា​ស្ថិត​នៅ​ខាង​មុខ ដោយ​ទុក​ចន្លោះ​មួយ​ដើម្បី​បង្កើត​បាន​ជា​បណ្ដុំ​ខ្យល់​បរិសុទ្ធ​សម្រាប់​អ្នក​ប្រើប្រាស់​។ Dyson Zone ក៏​ត្រូវ​បាន​បំពាក់​ឧបករណ៍​នានា​ដើម្បី​ប្រែក្លាយ​បន្ទះ​បាំង​មុខ​ ឱ្យ​ទៅ​ជា​ម៉ាស ក្នុង​ករណី​ចាំបាច់​។

របាំង​មុខ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កាស​ដោយ​ប្រើប្រាស់​មេដែក អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ដោះ​ចេញ​នៅ​ពេល​ចង់​ប្រើ​តែ​កាស ឬ​ក្រឡាស់​ចុះ​ដើម្បី​និយាយ​គ្នា​។ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​នេះ​មាន​ល្បឿន​ចំនួន​ ៤ កម្រិត​សម្រាប់​ជ្រើស​រើស​ ដើម្បី​ឱ្យ​សម​ស្រប​នឹង​ចង្វាក់​ដង្ហើម​​ រួម​មាន​ កម្រិត​យឺត មធ្យម លឿន នឹង​ស្វ័យ​ប្រវត្ត។

ឧបករណ៍​ខាងលើ​នេះ​ក៏​បំពាក់​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​​ចំនួន ២ សម្រាប់​កាស​ ដែល​អាច​បន្សុទ្ធ​ធូលី មេរោគ និង​កាបូន​ ប៉ុន្តែ ត្រូវ​ប្ដូរថ្មី​បន្ទាប់​ពី​ប្រើ​បាន​ ១ ឆ្នាំ​។

កាស​ Dyson Zone ប្រើ​ប្រាស់​មុខ​ងារ​ភ្ជាប់​​រលក​សញ្ញា​ ប្ល៊ូធូស រួម​នឹង​មុខ​ងារ​បំបាត់​សំឡេង​រំខាន​ដែល​មាន​ ៣ ជម្រើស​ គឺ​ Isolation, Conversation និង Transparence។ Isolation អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បំបាត់​សំឡេង​រំខាន់​ពី​ជុំវិញ​ស្ទើរ​តែ​ទាំង​ស្រុង ខណៈ​ដែល Conversation បិទ​មុខងារ​បន្សុទ្ធ​ខ្យល់​ដើម្បី​សំច័យ​ថ្ម និង​ដើម្បី​និយាយ​គ្នា​បាន​ស្រួល​ ចំណែក​ Transparency អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្ដាប់​ឮ​សំឡេង​នៅ​ជុំវិញ​ខ្លួន​។

ផលិត​ផល​នេះ​មាន​រន្ធ​ USB C និង​បញ្ជា​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ Dyson Link។ Dyson Link ក៏​ផ្ដល់​ព័ត៌មាន​ស្ដីពី​គុណ​ភាព​ខ្យល់​នៅ​ជុំ​វិញ​ឧបករណ៍​នេះ​ផងដែរ​៕

Advertisement