ជប៉ុន កំណត់​គោល​ដៅ​ងាក​ទៅរកការ​ប្រើ​ប្រាស់​​សៀវភៅ​សិក្សា​ប្រភេទ​ឌីជីថល ជំនួស​សៀវ​ភៅ​ក្រដាស​

គម្រោង​ប្រើប្រាស់​ទូលំទូលាយ​សៀវភៅ​សិក្សានៅ​លើ​ថ្នាល​ឌីជីថល​ នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ឆ្នាំ​ ២០២៤​ ​ក្នុង​សាលា​មួយ​ចំនួន​នៅ ប្រទេស​ជប៉ុន​។

យោង​តាម​សារព័ត៌មាន​ជប៉ុន Mainichi ដំបូង​ ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យា​សាស្ត្រ​ និង​បច្ចេកវិទ្យា​ជប៉ុន នឹង​ប្រើប្រាស់​​សៀវភៅ​សិក្សា​ឌីជីថល​​ចំពោះ​​មុខ​វិជ្ជា​ភាសា​អង់គ្លេស​ សម្រាប់​សិស្ស​ចាប់​ពី​ថ្នាក់​ទី ៥ ដល់​អនុវិទ្យា​ល័យ។ ក្រោយ​មក សាលា​នានា​នឹង​ប្រើប្រាស់​សៀវភៅ​អេឡិច​ត្រូនិច​នេះ​​សម្រាប់​មុខវិជ្ជា​ផ្សេង​ៗ​ទៀត​យ៉ាង​ឆាប់​​ចាប់​ពី​ឆ្នាំ​ ២០២៥​។

ផែនការ​របស់​ ក្រសួង​អប់រំ​ជប៉ុន ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃទី ២៥ សីហា​ ២០២២​។ ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ​ ២០២៤ សៀវភៅ​សិក្សា​ឌីជីថល​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ទន្ទឹម​គ្នា​នឹង​សៀវ​ភៅ​សិក្សា​បោះ​ពុម្ភ​លើ​ក្រដាស។

ក្រសួង​អប់រំ​ជប៉ុន បាន​ឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​សៀវភៅ​សិក្សា​អេឡិចត្រូនិច​សម្រាប់​មុខ​វិជ្ជា​​ភាសា​អង់គ្លេស​ ដំបូង​គេ គឺ​ក្នុង​បំណង​​ទាញ​យក​ផល​ប្រយោជន៍​នៃ​ការ​ស្ដាប់​ផ្ទាល់​ដើម្បី​ហាត់​បញ្ចេញ​សំឡេង​។

សៀវភៅសិក្សាអេឡិចត្រូនិចសម្រាប់មុខវិជ្ជាភាសាអង់គ្លេស ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសាលាបឋមសិក្សា Daiichi Nippori ក្នុង រាជធានីតួក្យូ ប្រទេសជប៉ុន

ក្នុង​ឆ្នាំ​សិក្សា ២០២១ ក្រសួង​អប់រំ​ជប៉ុន បាន​ដាក់​ឱ្យ​​អនុវត្ត​​គម្រោង​សាកល្បង​ប្រើប្រាស់​សៀវភៅ​សិក្សា​​ប្រភេទ​​ឌីជីថល​នៅ​ក្នុង​សាលា​បឋម​ និង​អនុវិទ្យា​ល័យប្រមាណ​ ៤០% ​នៅ​ទូទាំង​ប្រទេស​។ ឧបករណ៍​បច្ចេក​វិទ្យា​ «កម្មវិធី​សាលា​ GIGA» ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ រាជរដ្ឋាភិបាល​ជប៉ុន​។ ឧបករណ៍​ដែល​​មាន​រូប​រាង​ដូច​ទៅ​នឹង​កុំព្យូទ័រ​ឬ ថេប្លេត​​នេះ ត្រូវ​បាន​ចែក​ដល់​សិស្សានុសិស្ស​។

ទោះជា​យ៉ាង​ណា​ក៏ដោយ គោល​នយោបាយ​ខាងលើ​របស់​ ជប៉ុន ក៏​នឹង​ជួប​បញ្ហា​ធំ​ៗ​មួយចំនួន ក្នុង​នោះ​មាន​ដូច​ជា ​គ្រប់​សាលា​ត្រូវ​តែ​មាន​អ៊ីនធើណិត​ និង​ការ​ធានា​ចំពោះ​សុខភាព​ភ្នែក​របស់​សិស្ស៕

Advertisement