ឡូយ! ចំណាយ 3ពាន់រៀល Download ហ្គេមល្បីៗ និងថ្មីបំផុតពី Gameloft ឥតកំណត់

ពិសេសទៀតហើយសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តលេងហ្គេមលើទូរស័ព្ទដៃ និងថេបប្លេត ដោយពេលនេះលោកអ្នកអាចទាញយកហ្គេមល្បីៗ និងថ្មីៗបំផុតដែលមិនទាន់ទាំងមានលក់លើ App Store និង PlayStore ផងនោះបានដោយឥតមានកំណត់ ដោយគ្រាន់តែចំណាយប្រាក់ត្រឹមតែ 3,000 រៀលប៉ុណ្ណោះ។

ការផ្ដល់ជូននេះ ត្រូវបានក្រុមហ៊ុនបណ្ដាញទូរស័ព្ទសែលកាតប្រកាសកាលពីព្រឹកមិញថា ខ្លួនបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Gameloft ដ៏ល្បីរបស់ប្រទេសបារាំងដើម្បីផ្ដល់ឱ្យអតិថិជនរបស់ខ្លួនអាចមានលទ្ធភាពទាញយកកម្មវិធីហ្គេមថ្មីៗ ឥតមានកំណត់ ដោយគ្រាន់តែចំណាយ 3,000 រៀលក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ ការសហការនេះ Gameloft នឹងដាក់ឱ្យទាញយកគ្រប់ហ្គេមទាំងអស់ រួមទាំងហ្គេមដែលមិនទាន់ដាក់លក់លើ App Store និង PlayStore ទៀតផង។

លោក Jew Kee Lim នាយកផ្នែកផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា កិច្ចសហការនេះ អតិថិជនសែលកាតទាំងអស់អាចចូលទៅទាញយកហ្គេមពី Gameloft Game Club ដែលមានប្រភេទហ្គេមដ៏សម្បូរបែប ដែលហ្គេមមួយចំនួនត្រូវបានបង្កើតឡើងដោយមានការសហការគ្នាជាមួយអ្នកផលិតហ្គេមធំៗដូចជា Disney Universal Music និង Marvel ជាដើមទៀតផង។ ចំណែកឯការទូទាត់វិញ មានភាពងាយស្រួលមែនទែន ដោយគ្រាន់តែធ្វើការកាត់ទឹកប្រាក់ពីសមតុល្យសែលកាតរបស់លោកអ្នកជាការស្រេច។

លោក Lim ថ្លែងថា៖ «វាជារឿងល្អមួយ ដែលកាលពីមុនយើងត្រូវទាញយកហ្គេមល្អៗលេងមួយបានត្រូវចំណាយច្រើន តែពេលនេះត្រឹម 3,000 រៀល តែទាញយកតាមចិត្ត»។

Gameloft គឺជាក្រុមហ៊ុនផលិតហ្គេម និងចែកចាយធំជាងគេរបស់ពិភពលោក ដោយឆ្នាំ 2016 ចំនួនទាញយកហ្គេមមានសរុបប្រមាណជាង 1 ពាន់លានហ្គេមនៅជុំវិញពិភពលោក ហើយមានប្រភេទហ្គេមថ្មីៗប្រមាណជាង 2.8 លានរបស់ Gameloft ត្រូវបានគេទាញយកទៅលេងជារៀងរាល់ថ្ងៃ៕

Advertisement