យន្តហោះ​ចម្បាំងTF​-X ផលិត​នៅ​ទួ​រគី​ ខ្លាំង​ជាង​ F-35​ របស់​អាមេរិក​ នឹង​ដាក់​ឱ្យ​កងទ័ព​ប្រើ​ប្រាស់​ឆាប់​ៗខាងមុខ​

យោង​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ TAI​ របស់​ប្រទេស​តួរ​គី​ នៅ​ឆ្នាំ2023​ ខាងមុខ​ យន្តហោះ​ចម្បាំង​បំបាំងកាយ​ដំបូង​គេ​បង្អស់​របស់​ប្រទេស​មួយ​នេះ​ ដែល​បំពាក់​ដោយ​អាវុធ​ទំនើប​ និង​ម៉ាស៊ីន​ផលិត​ក្នុង​ស្រុក​ នឹង​បង្ហាញខ្លួន​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​លោក​ Osman​ Dur​ ដែល​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ និង​អវកាស​ TAI​ ឱ្យ​ដឹង​ថា​ ដំណាក់កាល​ផលិត​យន្តហោះ​គំរូ​ដំបូង​សម្រាប់​ធ្វើការ​ពិសោធ​ ជិតនឹង​សម្រេច​ជាស្ថាពរ​ហើយ​។

អ្វី​ដែល​ពិសេស​ជាងគេ​នោះ​ គឺថា​ ក្រុមហ៊ុន​ TAI​ រួម​ជាមួយនឹង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ បាន​ផលិត​ស្ទើរតែ​ទាំងអស់​នូវ​ផ្នែក​នានា​ និង​គ្រឿងបន្លាស់​របស់​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ ក្នុង​នោះ​ក៏​មាន​ម៉ាស៊ីន​ និង​កាំជ្រួច​ជំនាន់​ទី5​ ជា​អាវុធ​នៅ​លើ​យន្តហោះ​ចម្បាំង​មួយ​ប្រភេទ​ ដែល​យន្តហោះ​ F-35​ របស់​អាមេរិក​កំពុង​ខ្វះខាត​។

លោក​អគ្គនាយក​ក្រុមហ៊ុន​ TAI​ បាន​ប្រកាស​ថា​៖ ក្រុមហ៊ុន​ TAI​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​ TF​-X។ ថ្វីបើ​អ្វី​ដែល​យើង​ឃើញ​នៅ​ទីនេះ​ គឺជា​គំរូ​យន្តហោះ​មួយ​ក៏ដោយ​ ប៉ុន្តែ​នៅ​ឆ្នាំ2023​ យើងខ្ញុំ​នឹង​បង្ហាញ​យន្តហោះ​ពិតប្រាកដ​ ហើយ​ដល់​ឆ្នាំ​ 2025​ នឹង​មានការ​ហោះហើរ​ជាលើកដំបូង​ បន្ទាប់មក​ ដល់​ឆ្នាំ2028​ យន្តហោះ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

ទោះជា​យ៉ាងនេះ​ក្ដី​ ការផលិត​យន្តហោះ​នេះ​អាច​នឹង​ត្រូវ​បង្កើន​ល្បឿន​ ដោយយោងទៅតាម​ស្ថានការណ៍​ជាក់ស្ដែង​ និង​តម្រូវការ​របស់​កងទ័ពអាកាស​តួរ​គី​ បន្ទាប់ពី​អាមេរិក​ឈប់​លក់​យន្តហោះ​ចម្បាំង​ F-35​ ទៅ​ឱ្យ​ប្រទេស​នេះ​ ដោយសារតែ​ខឹង​តួរ​គី​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ S-400​ ពី​ប្រទេស​រុស្ស៊ី​។

មកដល់ពេលនេះ​ មុខងារ​បច្ចេកវិទ្យា​ និង​សមត្ថភាព​ប្រយុទ្ធ​របស់​យន្តហោះ​នេះ​ មិនទាន់​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ទេ​ ប៉ុន្តែ​លោក​ Osman​ Dur​ បាន​អះអាង​ថា​ TF​-X នឹង​មាន​បច្ចេកវិទ្យា​ខ្លាំង​ជាងយន្ត​ហោះ​ចម្បាំង​ F-35​ ជំនាន់​ទី5​ របស់​អាមេរិក​ទៅទៀត​។ នៅពេល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ គេ​ជឿ​ថា​ TF​-X នេះ​ នឹង​ចូល​មក​ជំនួស​យន្តហោះ​ចម្បាំង​ F-16​ ផលិត​ដោយ​អាមេរិក​ ដែល​បច្ចុប្បន្ន​ មាន​ប្រើប្រាស់​នៅក្នុង​កងទ័ពអាកាស​តួរ​គី​។

ក្រុម​អ្នកជំនាញ​ បាន​វាយតម្លៃ​ថា​ យន្តហោះ​ចម្បាំង​ TF​-X នេះ​នឹង​ត្រូវ​បំពាក់​បច្ចេកវិទ្យា​បំបាំងកាយ​ ដូចគ្នានឹង​ F-35​ របស់​អាមេរិក​ដែរ​ ប៉ុន្តែ​វា​នឹង​ប្រើ​ SOM​-J ដែល​មាន​អានុភាព​ខ្លាំង​ជាងយន្ត​ហោះ​ចម្បាំង​ជំនាន់​ទី5​ របស់​អាមេរិក​ ព្រោះថា​ មី​ស៊ី​លនេះ​នឹង​អនុញ្ញាត​ឱ្យ​យន្តហោះ​ចម្បាំង​អាច​បាញ់ប្រហារ​គោលដៅ​ នៅពេល​វា​ហោះ​ក្រៅ​រង្វង់​ការពារ​ដែនអាកាស​របស់​សត្រូវ​បាន​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement