រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអាននៅកម្ពុជាចាប់ផ្តើមមានសម្ទុះឡើងគួរឱ្យកត់សម្គាល់ ស្ថានភាពនេះត្រូវបានគេកត់សម្គាល់តាមរយៈការកើនឡើងនូវចំនួនអ្នកគាំទ្រពិព័រណ៍សៀវភៅ ការកើនឡើងនៃការបោះពុម្ពផ្សាយស្នាដៃថ្មីៗ និងការកើនឡើងនៃចំនួនសៀវភៅដែលបានលក់ចេញពីអ្នកលក់សៀវភៅនានានៅក្នុងប្រទេស។ លោក ប៊ួយ សុធន ស្ថាបនិកបណ្ណាគារ My BOOKSHOPCambodia បានលើកឡើងថាប៉ុន្មានឆ្នាំចុង ក្រោយនេះស្ថានភាពនៃការគាំទ្រសៀវភៅរបស់ប្រជាជនខ្មែរមានការកើនឡើងយ៉ាងចម្លែក និងគួរឱ្យកត់សម្គាល់។ ការកើនឡើងនៃចំនួនអ្នកអាននេះអាចបណ្ដាលមកពីកត្តាជាច្រើនដែលក្នុងនោះកត្តាទី1គឺកត្តាព្រឹត្តិការណ៍។ ដូចយើងគ្រប់គ្នាបានមើលឃើញហើយថា បើសង្កេតមើលនៅក្នុងពិធីតាំងពិព័រណ៍សៀវភៅ ឃើញថាមានការចូលរួមកាន់តែច្រើនឡើងពី1ឆ្នាំទៅ1ឆ្នាំ។ កត្តាទាំងអស់នេះអាចមកពីយុវវ័យចូលចិត្តសប្បាយ ហើយចង់ចូលរួមក្នុងកម្មវិធីសប្បាយៗជាច្រើនក្នុងពិព័រណ៍តែទោះបីជាយ៉ាងនេះក្តី ទៅកន្លែងដែលសម្បូរសៀវភៅ យ៉ាងហោចណាស់ក៏យើងអាចទាក់ទាញចំណាប់អារម្មណ៍របស់យុវវ័យមកលើសៀវភៅបានខ្លះដែរ។ក្រៅពីនេះ យើងក៏ចាប់ផ្តើមមានទិវាអំណានជាតិ ដែលអាចជំរុញវិស័យការអានបានខ្លះ បើទោះបីជាកម្មវិធីនេះមិនទាន់មានភាពទាក់ទាញខ្លាំងក៏ដោយ ក៏វាអាចជាចំណុចវិជ្ជមានមួយដែលអាចឱ្យយើងឈានទៅរកភាពកាន់តែប្រសើរឡើងនៅថ្ងៃអនាគតបានដែរ។
កត្តាសំខាន់ទី2 គឺកត្តាបណ្ដាញសង្គម ព្រោះមួយរយៈពេលចុងក្រោយនេះ យើងឃើញថា មានប្រជាជនខ្មែរយើងជាច្រើនចាប់ផ្តើមធ្វើការផ្សព្វផ្សាយពីសៀវភៅកាន់តែទូលំទូលាយ ហើយមានអ្នកខ្លះទៀតក៏បានបង្កើតគេហទំព័រលក់សៀវភៅ ឬហាងលក់សៀវភៅតាមអនឡាញថែមទៀតផង ដែលនេះជាសញ្ញាល្អមួយដែលនាំឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង។ បច្ចុប្បន្ននេះមិនថាតែយុវវ័យ ឬមនុស្សចាស់នោះទេ គ្រប់គ្នាសុទ្ធតែប្រើប្រាស់បណ្តាញបច្ចេក-វិទ្យា ហេតុនេះនៅពេលយើងមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម អាចធ្វើឱ្យយុវវ័យចាប់ផ្តើមចាប់អារម្មណ៍ស្របពេលដែលចាស់ៗក៏ចាប់ផ្តើមមើលឃើញ និងជំរុញក្មេងៗឱ្យជ្រើសរើសសៀវភៅល្អៗមកអានផងដែរ ប៉ុន្តែនៅតាមជនបទ មិនទាន់មានការស្រាវជ្រាវច្បាស់លាស់ណាមួយបញ្ជាក់ពីការរីកចម្រើនលើអំណានសៀវភៅនេះនៅឡើយ លើកលែងតែនៅតាមទីប្រជុំជននៃទីរួមខេត្ត-ក្រុងដែលប្រជាជនមានជីវភាពធូរធារ និងមានកម្រិតនៃការអប់រំខ្ពស់ប៉ុណ្ណោះ តែនេះជាបេសកកម្មចម្បងរបស់អង្គការសង្គមស៊ីវិលបន្ថែមពីលើកិច្ចការរបស់រដ្ឋាភិបាល។
កត្តាសំខាន់មួយផ្សេងទៀតគឺ ទី3 គ្រឹះស្ថានបោះពុម្ពផ្សាយ ដែលបច្ចុប្បន្ននេះយើងមើលឃើញថា គ្រឹះស្ថានបោះពុម្ពផ្សាយមានការកើនឡើង ហើយគុណភាពនៃការរចនាសៀវភៅទៀតសោតក៏ល្អជាងមុនស្របពេលដែលគ្រឹះស្ថានទាំងអស់នោះចាប់ផ្តើមគោរពបានច្រើនគួរសមលើកម្មសិទ្ធិបញ្ញា និងមានគំនិតច្នៃប្រឌិតខ្ពស់ រួមទាំងការសហការយ៉ាងល្អជាមួយអ្នកនិពន្ធលើការបោះពុម្ពនីមួយ។ នៅពេលចំនួននៃការផលិតមានការកើនឡើង អ្នកអានក៏ចាប់ផ្តើមមានជម្រើសច្រើនផងដែរ។ ចំណែកឯកត្តាចុងក្រោយគឺអង្គការនានាក៏បាន និងកំពុងចូលរួមចំណែកក្នុងការបំផុសឱ្យមានអ្នកអាននៅគ្រប់ទីកន្លែង ដូចជាអង្គការខ្លះផ្តល់បណ្ណាល័យចល័តនៅតាមសហគមន៍សម្រាប់ក្មេងៗ ខ្លះផ្តល់ការអប់រំតាមរោងចក្រសហគ្រាសហើយខ្លះទៀតក៏ជំរុញឱ្យមានការអាននៅក្នុងពន្ធនាគារជាដើម ដែលជាផ្តល់ជាគតិបណ្ឌិត និងជម្រើសនៃអនាគតល្អប្រសើរជាងពេលបច្ចុប្បន្នសម្រាប់ពិរុទ្ធ-ជនជាពិសេស។ ទន្ទឹមនឹងនេះ ប្រជាជនខ្មែរដែលកំពុងធ្វើការងារនៅបរទេស ដូចជានៅប្រទេសកូរ៉េ ជាដើមបច្ចុប្បន្នក៏ចាប់ផ្តើមទិញសៀវភៅច្រើនផងដែរពីកម្ពុជាព្រោះបើទិញនៅកូរ៉េ សៀវភៅទាំងអស់នោះមានតម្លៃថ្លៃខ្លាំងអាចគុណនឹង3 ឬ4 បើធៀបនឹងក្នុងទីផ្សារកម្ពុជា។
លោក ប៊ួយ សុធន បាននិយាយថា៖ “បើទោះបីជាយើងមើលជាទូទៅឃើញថា មានកត្តាច្រើនជំរុញឱ្យការអាននៅកម្ពុជាយើងមានស្ថានភាពល្អប្រសើរឡើងក្តី តែក៏យើងនៅមានឧបសគ្គមួយចំនួនផងដែរដែលទាមទារឱ្យមានការចូលរួមជួយដោះស្រាយឱ្យកាន់តែល្អប្រសើរថែមទៀត”។
ម្ចាស់ស្ថាប័នផ្គត់ផ្គង់សៀវភៅខាងលើបានលើកឡើងថា ថ្វីដ្បិតតែការគាំទ្រសៀវភៅចាប់ផ្តើមមានការកើនឡើងមែន តែចំនួននេះនៅមានកម្រិតតិចតួចនៅឡើយ បើប្រៀបធៀបនឹងចំនួនប្រជាជនសរុប ហើយអ្នកគាំទ្រសៀវភៅភាគច្រើនជាមនុស្សដដែលៗ ខណៈចំនួនអ្នកគាំទ្រថ្មីមានការកើនឡើងដែរ តែមិនសូវលឿននោះទេ។ បើមើលតាមការបោះពុម្ពផ្សាយ យើងឃើញថា កម្រមានអ្នកនិពន្ធណាដែលបានបោះពុម្ពផ្សាយចេញហើយ លក់អស់ដល់ទៅ 1ម៉ឺនក្បាលក្នុងមួយចំណងជើងនោះឡើយ ភាគច្រើនបានត្រឹមតែប្រហែលជា 3ពាន់ ទៅ5ពាន់ក្បាលប៉ុណ្ណោះក៏ធ្លាក់ចុះទៅវិញ។ ចំនួននេះបង្ហាញថា ប្រជាជនខ្មែរមានដល់ទៅជាង 15លាននាក់ តែចំពោះការគាំទ្រស្នាដៃអ្នកនិពន្ធវិញ មានត្រឹម-តែប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ ហេតុនេះនៅសល់មនុស្សជាច្រើនផ្សេងទៀតដែលគួរតែចាប់ផ្តើមចូលរួមអានឡើង។ ចំពោះប្រភេទសៀវភៅទៀតសោតក៏នៅមានបញ្ហាដែរ ព្រោះសៀវភៅដែលលក់ដាច់ខ្លាំងនៅកម្ពុជាភាគច្រើនជាសៀវភៅកម្សាន្ត ឬសៀវភៅប្រលោមលោក និងសៀវភៅពាក់ព័ន្ធនឹងជំនួញ មិនសូវសម្បូរសៀវភៅស្រាវជ្រាវនោះទេ ហើយចំពោះស្នាដៃដែលបានបោះពុម្ពផ្សាយថ្មីៗមួយចំនួន ថ្វីដ្បិតតែមានចំនួនច្រើនមែន តែសៀវភៅខ្លះគុណភាពនៅមានកម្រិតនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងសិល្ប៍វិធីតាក់តែងនិពន្ធ និងសមត្ថភាពនៃការប្រែសម្រួលអត្ថបទបរទេសជាដើម។ កត្តានេះធ្វើឱ្យយើងមានបរិមាណច្រើន តែមិនទាន់មានគុណភាពល្អខ្លាំងនៅឡើយ តែទោះជាយ៉ាងនេះក្តី ជារួមយើងមើលឃើញថា វាក៏ជាស្ថានភាពវិជ្ជមានមួយដែរ ប្រសិនបើយើងបន្តជំរុញពង្រឹងគុណភាពសៀវភៅនៅពេលដែលយើងមានបរិមាណច្រើនហើយ មានន័យថា បរិមាណទៅមុន គុណភាពនឹងដើរតាមក្រោយតាមរយៈការប្រកួតប្រជែងគ្នាលើទីផ្សារសៀវភៅដើម្បីអាចលេចធ្លោ និងទាក់ទាញការចាប់អារម្មណ៍ឱ្យអ្នកអានទិញស្នាដៃរបស់ក្រុមខ្លួន ពួកគាត់ច្បាស់ជាខិតខំកែតម្រូវគុណភាព និងបង្កើនសមត្ថភាពរបស់ខ្លួនមិនខាន។
លោក សុធន បាននិយាយថា៖ “មានបញ្ហាមួយផ្សេងទៀតដែលធ្វើឱ្យចំនួននៃការគាំទ្រសៀវភៅនៅមានចំនួនតិចតួច គឺដោយសារតែប្រជាជនខ្លះគាត់ចង់បានចំណេះដឹងតាមវិធីងាយៗពេក។ អ្នកខ្លះគាត់គិតថាមិនចាំបាច់ចំណាយលុយទិញសៀវភៅនាំតែអស់ប្រាក់ទេ គាត់អាចចូលរួមសិក្ខាសាលា ឬចូលស្តាប់តែក្នុង YouTube ក៏បានដែរ តែស្ថានភាពពិតនៃការអានសៀវភៅ គឺខុសគ្នាស្រឡះពីអ្វីដែលគាត់កំពុងគិត ព្រោះសូម្បីតែប្រទេសអភិវឌ្ឍន៍ធំៗ ដែលមានបច្ចេកវិទ្យាទំនើបៗ ក៏បច្ចុប្បន្នគេកំពុងជំរុញឱ្យមនុស្សស្រឡាញ់ចូលចិត្តការអានដែរ ដើម្បីទទួលបានចំណេះដឹងលម្អិតហើយមានប្រយោជន៍សម្រាប់ប្រជាជនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ពីព្រោះទិន្នន័យព័ត៌មានក្នុងសៀវភៅមានលក្ខណៈវិទ្យាសាស្ត្រពិសោធន៍សិក្សាត្រឹមត្រូវ និងច្បាស់លាស់ជាងព្រមទាំងមានឯកសារយោងត្រឹមត្រូវផងដែរ”។
ដើម្បីចូលរួមចំណែកដោះស្រាយសម្រាប់បញ្ហាខាងលើនេះ លោក សុធន បានលើកឡើងថា ចំណុចទី1 គឺយើងត្រូវមានការត្រួតពិនិត្យសៀវភៅឱ្យបានល្អតាមរយៈការចូលរួមសហការគ្នាពីទាំងស្ថាប័នរដ្ឋ សមាគម និងគ្រឹះស្ថានបោះពុម្ពផ្សាយនានាដោយឈរលើប្រយោជន៍រួមនៃអនាគតធនធានមនុស្សរបស់ជាតិ។ ស្ថាប័នទាំងអស់នោះគួរធ្វើការសហការគ្នាក្នុងការជំរុញឱ្យស្នាដៃកាន់តែមានលក្ខណៈល្អប្រសើរឡើងដើម្បីទាញយកទំនុកចិត្តពីអ្នកអាននៅក្នុងស្រុកឱ្យគាំទ្រស្នាដៃល្អៗដែលយើងបានបង្កើតឡើងដោយអ្នកនិពន្ធខ្មែរជាពិសេស ស្របពេលជាមួយគ្នាដែលយើងក៏ត្រូវការចាំបាច់នូវសៀវភៅបកប្រែដែលជាគំនិតល្អៗពីបរទេសបន្ថែមផងដែរ។ ម្យ៉ាងវិញទៀតយើងត្រូវចេះបង្កើតសៀវភៅតាមសេចក្តីត្រូវការរបស់មនុស្សទាំងពេលបច្ចុប្បន្ន និងអនាគត ដើម្បីធ្វើយ៉ាងណាឱ្យសៀវភៅក្លាយជាផ្នែកមួយដើម្បីអភិវឌ្ឍមនុស្សឱ្យកាន់តែខ្លាំងគ្រប់កាលៈទេសៈប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ចំណុចសំខាន់ទី2 គឺគួរបំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍ រួមទាំងបណ្តាញសង្គម ដើម្បីផ្តល់ឱកាសឱ្យបុគ្គលគំរូសំខាន់ៗក្នុងសង្គម ទាំងធ្វើការងារក្នុងស្ថាប័នសាធារណៈ បុគ្គលមានឥទ្ធិពលក្នុងវិស័យឯកជន រួមទាំងតារាៗជាដើម ចូលរួមផ្សព្វផ្សាយ និងបង្ហាញពីចំណូលចិត្តរបស់ខ្លួនក្នុងការអាន។ នៅពេលអ្នកទាំងអស់នោះចាប់ផ្តើមបង្ហាញគំរូបែបនេះអ្នកគាំទ្ររបស់គាត់ជាច្រើនក៏ចាប់ផ្តើមចូលរួមគាំទ្រតាមគាត់ដែរ ដោយគួរកត់សម្គាល់ថា កេរ្តិ៍ឈ្មោះ និងការប្រព្រឹត្តរបស់ពួកគាត់ងាយនឹងសាបព្រោះទៅគ្រប់ទិសទី មិនថាជនបទចុងកាត់មាត់ញកនោះទេ។ ម្យ៉ាងទៀតគួរបង្កើនទម្លាប់នៅផ្ទះដោយការនាំកូនៗ ឬអ្នកនៅជុំវិញខ្លួនអានសៀវភៅ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេកាន់តែមានគំនិតចង់អានច្រើនឡើងៗពីក្មេងរហូតដល់ធំ។ ចំណុចទី3 ប្រជាជនគួរនាំគ្នាចេះច្នៃព្រឹត្តិការណ៍មួយចំនួនឱ្យក្លាយជារឿងល្អ ដូចជាការចេះជូនកាដូគ្នាជាសៀវភៅដល់គ្នា នៅក្នុងកម្មវិធីសំខាន់ៗ និងក្នុងពិធីបុណ្យបរទេស ដូចជា បង្វែការធ្វើសកម្មភាពអវិជ្ជមានក្នុងពិធីបុណ្យនៃក្តីស្រឡាញ់ មកជាការជូនសៀវភៅគ្នាដើម្បីបង្ហាញពីក្តីស្រឡាញ់វិញជាដើម។
លើសពីនេះទៅទៀត ដើម្បីជំរុញឱ្យការអានកាន់តែប្រសើរឡើង បញ្ញវន្តត្រូវចេះផ្តល់យោបល់ដល់អ្នកបន្តវេននានា ដូចជាកវីនិពន្ធថ្មីៗដោយការស្ថាបនាមិនមែនរិះគន់ជាន់ពន្លិចទេ ដើម្បីជួយគ្នាក្នុងការបង្កើតស្នាដៃថ្មីៗប្រកបដោយគុណភាព។ ចំណែកឯរដ្ឋាភិបាលវិញក៏អាចចូលរួមជួយដល់ការអានតាមរយៈការជំរុញឱ្យមានការផលិត និងលើកទឹកចិត្តឱ្យមានការធ្វើអាជីវកម្មផ្នែកនេះដោយលើកលែងពន្ធដើម្បីឱ្យការលក់ចេញមានតម្លៃធូរថ្លៃ ងាយស្រួលទាក់ទាញឱ្យប្រជាជនដែលមិនទាន់មានទម្លាប់អាន ងាកមកសាកល្បងអានឡើងវិញ ឬក៏អាចជួយផ្តល់ជាកញ្ចប់ជំនួយណាមួយសមរម្យដល់កិច្ចការងារនេះ ជាពិសេសតាមរយៈបណ្ណាល័យជាតិ និងសមាគមអ្នកនិពន្ធខ្មែរជាដើម៕