នាយកគ្រប់គ្រងថ្មី Jaguar Land Rover ​៖«​ ការសម្រេចទិញរថយន្តរបស់ប្រជាជនកម្ពុជា មានលក្ខណៈប្លែក»

ទើបតែចូលខ្លួនមកបម្រើការងារបានមិនដល់ 4 ខែផង នាយកគ្រប់គ្រងថ្មីនៃក្រុមហ៊ុន Jaguar Land Rover លោក Ulf Sebecke បានមើលឃើញពីឥរិយាបថថ្មីប្លែកមួយរបស់ពលរដ្ឋខ្មែរ ដែលមុននឹងសម្រេចចិត្តទិញ​រថយន្ត​ណាមួយ​យក​ទៅ​ប្រើ​ប្រាស់ ឃើញថាមានលក្ខណៈ​ផ្សេងពី​អតិថិ​ជននៅតាមបណ្ដាប្រទេសដែលលោកធ្លាប់ធ្វើការ។ ក្នុងបទសម្ភាសជាមួយនឹងកាសែត ឡារ៉ែន ពាណិជ្ជ លោក Ulf បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍មួយចំនួន រួមនឹងចំណុចរីកចម្រើនក្នុងទីផ្សាររថយន្តប្រណីតរបស់កម្ពុជា។

បាទ! ជំរាបសួរ លោក Ulf Sebecke ខ្ញុំចង់ឱ្យលោកជួយជម្រាបបន្តិច ពីប្រវត្តិផ្ទាល់ខ្លួនរបស់លោក?

លោក Ulf Sebecke៖ ខ្ញុំជនជាតិអាល្លឺម៉ង់ តែរស់នៅប្រទេសអូស្ត្រាលី ហើយខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកឧស្សាហកម្ម ចិត្តសាស្ត្រ និងការទំនាក់ទំនង ពីមហាវិទ្យាល័យនៃអាហ្រិ្វកខាងត្បូង និងបានបញ្ចប់សញ្ញាប័ត្របាក់ឌុប ផ្នែកគ្រប់គ្រងទីផ្សារ ពីវិទ្យា​ស្ថាន​គ្រប់​គ្រងទីផ្សារនៅទីនោះផងដែរ។

មុននឹងចូលមកគ្រប់គ្រងក្រុមហ៊ុន Jaguar Land Rover កម្ពុជា តើលោកធ្លាប់ធ្វើការងារនៅទីណាដែរ?​

លោក Ulf Sebecke៖ បាទ អគុណ! មុនការចូលខ្លួនមកធ្វើការនៅក្រុមហ៊ុន Jaguar Land Rover ប្រចាំប្រទេសកម្ពុជា ខ្ញុំធ្លាប់បម្រើការងារនៅប្រទេសកាតា​ ឥណ្ឌូនេស៊ី, ចិន,ស៊ីរី, អូស្ត្រាលី, ឌូបៃ, អាឡឺម៉ង់ និងអាហ្វ្រិកខាងត្បូង។ ជាមួយនឹងបទពិសោធជាង 30​ ឆ្នាំ ក្នុងវិស័យទីផ្សាររថយន្ដទំនើប ខ្ញុំបានធ្វើជាអ្នកដឹកនាំប្រចាំក្រុមហ៊ុនរថយន្ដជាច្រើន ដូចជា Porsche and Rolls Royce Chine, BMW, Jaguar Land Rover, និង Volvo។

ការឈានជើងចូលមកក្នុងទីផ្សាររថយន្តប្រណីតកម្ពុជា តើលោកមើលឃើញអ្វីខ្លះដែលខុសប្លែកពីគ្នារបស់បណ្ដាប្រទេស ដែលលោកធ្លាប់​គ្រប់គ្រង?

លោក Ulf Sebecke៖ រយៈកាលជាង 3 ខែមកនេះ ខ្ញុំបានរៀនសូត្រ និងស្វែងយល់ច្រើនពីពលរដ្ឋកម្ពុជាក្នុងទីផ្សារមួយនេះ។ នៅទីផ្សារចាស់ដែលខ្ញុំធ្លាប់គ្រប់គ្រង ប្រជាជននៅទីនោះមានការសម្រេចចិត្តលឿនក្នុងការទិញរថយន្តណាមួយយកទៅប្រើប្រាស់ ខណៈអ​តិថិ​ជន​នៅកម្ពុជា មានការសម្រេចចិត្តយូរជាង។ មួយវិញទៀត ការប្រើប្រាស់រថយន្តក៏មានលក្ខណៈប្លែកដែរ។ នៅទីនេះ អតិថិជនភាគ​ច្រើន​​មានទំនោរទៅរករថយន្តមួយទឹកនាំចូលពីក្រៅប្រទេស ដែលនាំចូលមកក្រៅផ្លូវការ ខុសលក្ខខណ្ឌបច្ចេកទេស ដែលត្រូវនឹងស្ថានភាពផ្លូវ អា​កាស​ធាតុ និងកម្រិតប្រេងជាដើម។

លោកអាចជម្រាបបានទេថា ហេតុអ្វីទើបការសម្រេចទិញរថយន្តរបស់ប្រជាជនកម្ពុជា ប្រើពេលយូរដូច្នេះ?

លោក Ulf Sebecke៖ តាមការសង្កេតរបស់ខ្ញុំ វាអាចមកពីកត្តាជាតិសាសន៍ ទម្លាប់ វប្បធម៌ ការធ្វើពាណិជ្ជកម្ម និងរបៀបនៃការ​គិត​មុននឹង​ទិញ​អ្វី​មួយ។ ទីផ្សារផ្សេងគ្នា អតិថិជនក៏ផ្សេងគ្នាដែរ។ នៅកម្ពុជា មុនទិញរថយន្ត អតិថិជនមានគិតច្រើន លើស្លាកសញ្ញា ការប្រៀបធៀបតម្លៃ ភាពប្រណីត​ សម​ត្ថ​ភាព​​នៃរថយន្ត និង​ការ​ពេញ​និយ​មក្នុងទីផ្សារ។ ជាទូទៅ អតិថិជនម្នាក់មុននឹងសម្រេច​ទិញរថយន្ត​ គាត់​មានការគិតច្រើនខែ ឬខ្លះត្រូវចូល​មក​មើល​រថយន្ត 2 ទៅ 3 ដង ទើបសម្រេចចិត្ត។ អាច​និយាយ​បានថា ទីផ្សារចាស់ដែល​ខ្ញុំធ្លាប់​គ្រប់​គ្រង​ភាគ​ច្រើន​ជាប្រទេសដែលប្រជាជនមានចំណូលខ្ពស់ មានជីវ​ភាព​ធូរ​ធារ និងមាន​ចំណេះ​ដឹងផ្នែក​យានយន្តច្រើន។ វាអាចមានន័យថា នៅ​ទីនោះ​​អតិថិជនបានសិក្សាលម្អិតច្រើនពីព័ត៌មាន ​លក្ខណៈសម្បត្តិ និងតម្លៃរបស់រថយន្តដែលពួកគាត់ចង់បាន មុនពេលពួក​គាត់​ចូល​មក​មើលផ្ទាល់នៅទីតាំងលក់។

ហេតុទាំងនេះហើយ ដែលខ្ញុំ និងក្រុមការងារត្រូវឈរនៅទីនេះ ដើម្បីធ្វើយ៉ាងណាជួយសម្រួល និងផ្ដល់ជាយោបល់ដល់អតិថិជន ដែលវាអាចជាវិធីមួយប្រសើរជាងមុន ដល់ការសម្រេចចិត្តរបស់ពួកគាត់។ ដូចអ្វីដែលយើងបានធ្វើនៅទីនេះ យើងមានភ្នាក់ងារចាំផ្ដល់​ប្រឹក្សាដែលមានជំនាញខ្ពស់ ទីតាំងបង្ហាញរថយន្តសម្បូរបែប ព្រមជាមួយនឹងការចែករំលែកព័ត៌មានតាមបណ្ដាញអ៊ីនធើណេត Facebook, Instagram, Line, Twitter មានភាពទូលំទូលាយ ដែលជាចរន្តធ្វើឱ្យអតិថិជនងាយទទួលបានព័ត៌មានរហ័ស និងត្រឹមត្រូវ។

អ្វីជាលក្ខណៈពិសេសរបស់ Jaguar Land Rover ដែលអតិថិជន អាចជឿទុកចិត្ត ដែលជំរុញដល់ការសម្រេចឱ្យបានលឿន?

លោក Ulf Sebecke៖ ក្នុងនាមជាម៉ាកល្បីទូទាំងពិភពលោកជាមួយនឹងការឆ្នៃប្រឌិតខ្ពស់ និងទំនើប Jaguar Land Rover នឹង​ផ្ដល់​នូវផលិតផល ដែល​ប៉ះ​​ពាល់​តិចតួចបំផុតនៅលើភពផែនដី។ ក្នុងរថយន្តមួយគ្រឿង យើងបានកាត់បន្ថយការប្រើប្រាស់ទឹក និង​ការ​បំភាយ​ឧស្ម័ន CO2 បាន 30% ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងពិតប្រាកដនៅក្នុងឧស្សាហកម្មមួយនេះ។​ (យោងទៅតាម តួលេខរបាយ​ការណ៍​ស្តី​ពីនិរន្តរភាពរបស់ Jaguar Land Rover ឆ្នាំ 2015) ផលិតផល​របស់ក្រុមហ៊ុន Jaguar Land Rover ត្រូវ​បាន​រចនា​ឡើង​ដែល​បាន​ដក់ក្នុង​ចិត្តរបស់អ្នកប្រើប្រាស់ ជាមួយនឹងកម្លាំងខ្លាំង បើកបរប្រកបដោយភាពរីករាយ និង​មាន​សុវត្ថិភាព​បំផុត។

រថយន្តរបស់យើងត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាទៅតាមឧស្សាហកម្មផលិតយន្ដហោះ ដែលភាគច្រើន (រហូតដល់ទៅ 80%) នៃការរចនាសម្ព័ន្ធតួរថយន្ត គឺធ្វើឡើងពីអាលុយមីញ៉ូមសុទ្ធដែលមានអានុភាពខ្លាំង, និងរឹង ដូច្នេះហើយវាមានសុវត្ថិភាពខ្ពស់ សម្រាប់​អ្នក​ប្រើប្រាស់ទាំ​ងអស់។

រថយន្តរបស់យើងត្រូវបានពិភពលោកទទួលស្គាល់ និងប្រមូលបានពានរង្វាន់ពិភពលោកក្នុងតំបន់ជាច្រើនដូចជា​ពានរង្វាន់​លំដាប់​ផ្កាយ 5 សម្រាប់រថយន្ដ Jaguar XE ខាងផ្នែកសុវត្ថិភាពខ្ពស់, ពានរង្វាន់ពិភពលោកនៃរថយន្តប្រចាំឆ្នាំ និងការរចនារថយន្តឆ្នាំ 2017 សម្រាប់​រថយន្ដ Jaguar F-PACE របស់យើង, ពានរង្វាន់នៃដើមកំណើតនិមិត្ដសញ្ញារបស់រថយន្ត Land Rover និង Range Rover ជា​រថយន្ដ​គំរូរបស់ពិភពលោកនៃរថយន្តប្រភេទ SUV បែបប្រណីត។

ក្នុងនាមជាអ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ យើងខ្ញុំសូមជូនដំណឹងដល់សាធារណជនរបស់យើងថា មានតែរថយន្ត Jaguar Land Rover របស់ក្រុមហ៊ុន RMA Cambodia ប៉ុណ្ណោះដែលជាផលិតផលពិតប្រាកដ 100% ដែលត្រូវបានរចនា និងផលិតឡើងបំពេញ​តាមលក្ខ​ខណ្ឌ​នៃ​ទីផ្សារ​ប្រទេស​កម្ពុជាដូចជាអាកាសធាតុ និងគុណភាពប្រេង ជាដើម។​ រថយន្តរបស់យើង ត្រូវបាននាំចូលផ្ដាច់មុខ ក្នុងការធានា និងគម្រោង​ផ្ដល់​សេវាកម្ម​ពី​ឧស្សាហករ ដែលផ្តល់ឱ្យអតិថិជនរបស់យើងនូវទំនុកចិត្ដខ្ពស់បំផុត។

ផលិតផល និងសេវាកម្មទាំងអស់ត្រូវបានបញ្ជូនទៅបម្រើលោកអ្នកជាមួយនឹងជំនាញឯកទេសខ្ពស់បំផុត​ ដែល​បាន​បណ្តុះ​បណ្តាល និង​បា​នបញ្ជាក់ដោយអ្នកជំនាញមកពីរោងចក្រដើមនៃចក្រភពអង់គ្លេស។ យើង​សូម​សន្យា​ថា​នឹងបម្រើអតិថិជនរបស់យើង ឥតឈប់ឈរ​ដោយ​គ្មានការកក់ទុកមុនឡើយ៕

Advertisement