Skip to content

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sony លាលែង​ពី​តំណែង

តូ​ក្យូ៖ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​មួយ​របស់​ជប៉ុន Sony Corporation បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី 02 ខែកុម្ភៈ​នេះ​ថា លោក Kazuo Hirai បាន​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ (CEO) និង​ជំនួស​ដោយ​លោក Kenichiro Yoshida។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Bloomberg។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ Sony បានឱ្យដឹងថា លោក Kazuo Hirai  នឹង​ចុះ​ចេញពី​តំណែង​ជានា​យក​ប្រតិបត្តិ​នៅ​ចុងខែ​មីនា ហើយ​ជាមួយគ្នា​នោះ លោក​នឹង​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វិញ​នៅ​ថ្ងៃទី 01 ខែមេសា ឆ្នាំ 2018 ជាមួយគ្នា​នោះ​ផងដែរ លោក Kenichiro Yoshida បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​ហិញ្ញ​វត្ថុ​នៅ Sony នឹង​ឡើងកាន់តំណែង​ជា​នាយក​ប្រតិបត្តិ​នៅ​ថ្ងៃទី 01 ខែមេសា។

លោក Kenichiro Yoshida បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ហិរញ្ញវត្ថុ​នៅ Sony ចាប់តាំងពី​ថ្ងៃទី01 មេសា ឆ្នាំ 2014 ហើយ​នៅ​ខែមេសា ឆ្នាំ 2015 លោក​ត្រូវបាន Sony តែងតាំង​មុខងារ​ថ្មី​មួយទៀត​គឺ ជា​អ្នកនាំពាក្យ​របស់​នាយក​ប្រតិបត្តិ។

ក្រុមហ៊ុន Sony បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​ថា ការផ្លាស់ប្ដូរ​មុខតំណែង​របស់​បុគ្គលិក​ជាន់ខ្ពស់​នេះ គឺ​ដើម្បី​ធ្វើ​កំណែ​ទម្រ​ង​ជាពិសេស​គឺ​លោក Kenichiro Yoshida មានបទពិសោធន៍​ខាង​ហិរញ្ញវត្ថុ ដូច្នេះ Sony សង្ឃឹមថា គាត់​នឹង​ជួយ​ស្ដា​ស្ថានភាព​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ឱ្យ​ល្អប្រសើរ។

គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ក្រុមហ៊ុន Sony បានប្រកាស​ព័ត៌មាន​នេះ ទីផ្សារ​ភាគហ៊ុន​របស់ Sony ក៏បាន​ស្ទុះ​ឡើង 2ភាគរយ​ភ្លាម​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *