ស្បែកជើងឌីជីថល ឬហៅថាស្បែកជើងស្រមោលរបស់ក្រុមហ៊ុន Gucci មានតម្លៃទាបជាងឆ្ងាយបើធៀបនឹងស្បែកជើងពិត ក៏ប៉ុន្តែអ្វីដែលជារឿងគួរឱ្យយកចិត្តទុកដាក់ នោះគឺថា ម្ចាស់ស្បែកនេះនឹងមិនអាចយកវាមកពាក់បាននោះទេ។
Gucci ដែលជាយីហោសម្លៀកបំពាក់ដ៏ល្បីល្បាញមួយក្នុងពិភពលោក ទើបតែបានដាក់លក់ផលិតផលមួយដែលស្ថិតក្នុងប្រភេទ NFT (Non-fungible token) នោះគឺស្បែកជើងស្រមោល ពោលគឺស្បែកជើងដែលមិនមានរូបរាងអាចប៉ះពាល់បាន។
NFT គឺជាកូដតំណាងឱ្យវត្ថុជាផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យា blockchain ដូចទៅនឹងរូបិយវត្ថុឌីជីថល Bitcoin។ ការកាន់កាប់ NFT ត្រូវបានប្រៀបប្រដូចទៅនឹងការទិញទំនិញកម្រមួយប្រភេទដែលមានតែមួយគត់នៅក្នុងលោក។ អ្នកវិនិយោគទិញ NFT ដែលភ្ជាប់ជាមួយនឹងផលិតផលអ្វីមួយគឺមានបំណងក្លាយជាម្ចាស់តែម្នាក់គត់ ឬរំពឹងថា ផលិតផលដែលខ្លួនបានទិញនោះនឹងឡើងថ្លៃ ហើយលក់វាចេញដើម្បីបានចំណេញ។ ទន្ទឹមនឹងការលេចធ្លោរបស់ប្រាក់អេឡិចត្រូនិកដូចជា Bitcoin ជាដើម NFT ក៏កំពុងក្លាយជាទំនិញថ្មីដែលត្រូវបានក្រុមអ្នកវិនិយោគយកចិត្តទុកដាក់ខ្ពស់នាពេលថ្មីៗនេះដែរ។
ដើម្បីបង្កើតបានផលិតផលស្រមោលនេះ Gucci បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសម្លៀកបំពាក់ឈ្មោះ Wanna ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសបេឡារុស។ ក្រុមហ៊ុន Wanna មានឈ្មោះល្បីល្បាញជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា AR (Augmented reality) ដើម្បីបង្កើតបានជាម៉ូដែលផលិតផលឌីជីថល 3D ដូចជាស្បែកជើងកីឡា និងនាឡិកា។ល។
Wanna ធ្លាប់សហការជាមួយ Reebok, Puma និង Snapchat ដើម្បីពិនិត្យទៅលើររៀបដែលអតិថិជនទទួលយកបទពិសោធន៍ក្នុងការលសម្លៀកបំពាក់ស្រមោលនៅលើកម្មវិធី (App) របស់ពួកគេ។ ក្រុមហ៊ុននេះក៏ធ្លាប់សហការជាមួយ Gucci ដើម្បីជួយឱ្យអតិថិជនលសក្បែកជើងនៅលើ App ផងដែរ។
ស្បែកជើងស្រមោលរបស់ Gucci នេះនឹងមានតម្លៃ 8.99ដុល្លារនៅលើ App របស់ក្រុមហ៊ុន Wanna និង 11.99ដុល្លារនៅលើ App របស់ Gucci។ ជាមួយនឹងផលិតផលស្រមោលខាងលើ Gucci កំពុងតម្រង់ទិសដៅទៅរកអតិថិជនជំនាន់ Z (យុវវ័យ) ដែលមានការយល់ដឹងច្រើនអំពីបច្ចេកវិទ្យា ជាក្រុមមនុស្សដែលអាចមិនទាន់មានលទ្ធភាពទិញផលិតផលពិតរបស់យីហោនេះ៕
ប្រភព៖ Hypebeast
ប្រែសម្រួល៖ បុត្រា