កាលពីពេលថ្មីៗនេះ វត្តមានស្មាតហ្វូន OnePlus 9 និង 9 Pro កំពុងតែពេញនិយមយ៉ាងខ្លាំង ដោយសារតែវាត្រៀមនឹងចេញមកកាន់ទីផ្សារ នាពេលឆាប់ៗនេះ អំឡុងថ្ងៃទី23 ខែមិនា ឆ្នាំ2021។ បើតាមដំណឹងទទួលពីច្រើនប្រភព បានបង្ហើបឱ្យដឹងថា វានឹងភ្ជាប់មកជាមួយនូវឆ្នាំងសាកនៅក្នុងប្រអប់ស្រាប់តែម្តង។
រឹតតែពិសេសទៅទៀតនោះ គឺបច្ចេកវិទ្យា LTPO ឬ LTPO (Low-Temperature Polycrystalline Oxid) គឺជាបច្ចេកវិទ្យាមួយ ដែលអនុញ្ញាតឱ្យអេក្រង់ អាចផ្លាស់ប្តូរកម្រិត Refresh Rate ទៅតាមកម្មវិធីដែលយើងកំពុងប្រើដោយស្វ័យប្រវត្តិ ហើយវាមានសមត្ថភាពធ្វើឱ្យកម្រិត Refresh Rate របស់អេក្រង់ ធ្លាក់ចុះរហូតដល់ទៅ 10Hz ឯណោះ។
មានន័យថា ពេលដែលយើងកំពុងប្រើកម្មវីធី ឬហ្គេម ដែលត្រូវការកម្រិត Refresh Rate ខ្ពស់ នោះបច្ចេកវិទ្យា LTPO នឹងបញ្ជាឱ្យអេក្រង់ រត់ក្នុងកម្រិត Refresh Rate ខ្ពស់បំផុត ទៅតាមអ្វីដែលអេក្រង់របស់វា អាចធ្វើបាន។ ប៉ុន្តែ បើសិនជាទូរស័ព្ទរបស់យើងកំពុងតែដំណើរការមុខងារ Always-On Display នោះ បច្ចេកវិទ្យា LTPO នឹងបញ្ជាឱ្យអេក្រង់ រត់ក្នុងកម្រិត Refresh Rate ទាបបំផុត ដើម្បីជួយសន្សំសំចៃថាមពលថ្ម។
OnePlus 9 Pro អាចនឹងមានតម្លៃចាប់ផ្តើមដំបូងខ្ទង់ពាន់ៗដុល្លារ ដោយសារតែសមត្ថភាពវាបំពាក់មកជាមួយអេក្រង់កោង ទំហំ 6.78អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត QHD+ និងអាចគាំទ្រអេក្រង់ Refresh Rate 120Hz បំពាក់មកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 888 គួបផ្សំជាមួយជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ក៏ដូចជាថាមពលថ្ម ទំហំ 4,500mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មឥតខ្សែ កម្លាំង 45W ទៀតផង៕