សិស្សសាលាវ័យ 17ឆ្នាំម្នាក់ ឈ្មោះ Graham Ivan Clark រៀននៅវិទ្យាល័យ Gaither នៅរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ និងត្រូវតុលាការកាត់ក្តី សម្រេចឱ្យជាប់ឃុំ រយៈពេល 3ឆ្នាំ ពីបទពាក់ព័ន្ធនឹងការវាយប្រហារដោយខុសច្បាប់(Hack)ចូលទៅក្នុងបណ្ដាញសង្គម Twitter កាលពីខែកក្កដា ឆ្នាំ2020 កន្លងទៅ។
Graham Ivan Clark នៅមានគ្នារបស់គេប៉ុន្មាននាក់ទៀត ដែលបានលួចចូលទៅប្រើប្រាស់គណនី Twitter របស់បុគ្គលល្បីៗ និងក្រុមហ៊ុនតូច-ធំផ្សេងៗ ចំនួន 130គណនីទៀតឯណោះ។ បន្ទាប់ពីលួចចូលបានសម្រេចហើយ គ្នីគ្នារបស់គេ ក៏បានបង្ហោះសារ ដើម្បីផ្សព្វផ្សាយបញ្ឆោត ឱ្យអ្នកគាំទ្ររបស់បុគ្គលល្បីៗ ក៏ដូចជាក្រុមហ៊ុនតូច-ធំទាំងអស់នោះ ធ្វើការផ្ញើប្រាក់ជា Bitcoin ទៅឱ្យពួកគេ។
គ្រាន់តែសារដែលពួកគេ បានបង្ហោះនោះ ចេញជាសាធារណៈបានប៉ុន្មានម៉ោង ពួកគេអាចប្រមូលប្រាក់ Bitcoin បានសរុបច្រើនជាង 10ម៉ឺនដុល្លារ។
ដោយសារតែក្មេងជំទង់ម្នាក់នេះ ធ្វើអំពើខុសច្បាប់ នៅពេលដែលគេទើបមានអាយុ 17ឆ្នាំ (ឆ្នាំមុននៅមិនទាន់គ្រប់អាយុនៅឡើយ) ដូច្នេះហើយ ទើបត្រូវជាប់ពន្ធនាគារតែ 3ឆ្នាំប៉ុណ្ណោះ ព្រោះមិនទាន់គ្រប់ 18ឆ្នាំ តែបើគ្រប់វិញ អាចជាប់ទោសលើស 10ឆ្នាំ។
ក្រុមហ៊ុនធំៗ និងគណនីបុគ្គលល្បីៗជាច្រើនបានរងគ្រោះដូចជា Twitter របស់ ក្រុមហ៊ុន Apple, CEO របស់ Tesla លោក Elon Musk, ក្រុមហ៊ុន Uber គណនីអតីតប្រធានាធិបតី Barack Obama, CEO Microsoft លោក Bill Gats, CEO Amazon លោក Jeff Bezos លោក Warren Buffet គណនីតារាល្បី Kim Kardashian កីឡាប្រដាល់ Floyd Mayweather និងប្រធានាធិបតីអាមេរិកបច្ចុប្បន្ន Joe Biden ជាដើម។
ក្រុមរបស់ពួកគេមានចេតនា ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ Twitter និងលួចយកលុយ Bitcoin ជាពិសេស គឺខ្ចីដៃគណនីបុគ្គលល្បីៗខាងលើ ឬក្រុមហ៊ុនធំៗ ដើម្បីបោកបញ្ឆោតអ្នកលេង Twitter តែម្ដង៕