ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនត្រឹម6.9ភាគរយនៅឆ្នាំ2018ខាងមុខនេះជាការព្យាករមួយមានភាពស្រដៀងគ្នានឹងការព្យាកររបស់ធនាគារពិភពលោក និងមូលនិធិរូបិយប័ណ្ណអន្តរជាតិដែរ។
ថ្លែងនៅក្នុងជំនួបជាមួយឯកឧត្តមសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ លោក ក្សាត្រាប៉ាទី ស៊ីវ៉ាជី (Kshratrapati Shivaji) នាយកប្រតិបត្តិនៃធនាគាADBបានថ្លែងលើកឡើងថា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសស្ថានភាពការរីកចម្រើននៃសេដ្ឋកិច្ចដែលសម្រេចបានកំណើនក្នុងរង្វង់7ភាគរយក្នុងរយៈពេល2ទស្សវត្សរ៍មកនេះក្នុងនោះបើតាមការព្យាករកំណើនសេដ្ឋកិច្ចនៅកម្ពុជានឹងអាចសម្រេចបានប្រមាណ6.9ភាគរយនៅក្នុងឆ្នាំ2018ផងដែរ នេះគឺជាចក្ខុវិស័យចំពោះអនាគតកម្ពុជាដែលនៅតែសម្រេចបានមានលក្ខណៈវិជ្ជមាន។
លោកបានលើកឡើងទៀតថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាពក្នុងរង្វង់7ភាគរយក្នុងមួយឆ្នាំៗ និងបានកាត់បន្ថយភាពក្រីក្របានលើស1ភាគរយក្នុងមួយឆ្នាំផងដែរ។ ការបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះនឹងធ្វើឲ្យចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗកើនឡើងដល់1,434ដុល្លារអាមេរិកនៅក្នុងឆ្នាំ2017 និងអាចរក្សាបានអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់3.5ភាគរយក្នុងមួយឆ្នាំ៕