ចានធ្វើអំពីប៉សឺឡែនពណ៌សជំនាន់រាជវង្សមីងនៃប្រទេសចិន ដែលត្រូវបានរកឃើញនៅក្នុងកន្លែងលក់វត្ថុមួយទឹក ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ត្រូវបានលក់ក្នុងតម្លៃជាង 722,000ដុល្លារអាមេរិក ខ្ពស់ជាងការព្យាករទៅទៀត។
ចានពណ៌សមួយដែលមានរចនារូបភាពស្លឹកឈើពណ៌ទឹកសមុទ្រដ៏ស្រស់ស្អាត ស្ថិតក្នុងចំណោមស្នាដៃសិល្បៈចិន ត្រូវបាន Sotheby’s ដាក់លក់ដេញថ្លៃកាលពីថ្ងៃទី 17 មីនា 2021 នៅក្នុងព្រឹត្តិការណ៍ Asia Week។ Sotheby’s គឺជាក្រុមហ៊ុនឈ្មួញជើងសាធំជាងគេមួយនៅលើពិភពលោក ទាក់ទងនឹងសិល្បៈលម្អ គ្រឿងអលង្ការ អចលនទ្រព្យ និងវត្ថុបុរាណ។ អត្តសញ្ញាណរបស់អ្នកលក់ និងអ្នកទិញចានបុរាណខាងលើ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។
ក្រុមអ្នកជំនាញបានឱ្យដឹងថា ចានបុរាណនេះត្រូវបានផលិតឡើងសម្រាប់តែរាជវាំងរបស់មហាក្សត្រ Yongle (ព្រះនាមផ្ទាល់ខ្លួនគឺ Zhu Di) ដែលជាស្ដេចទីបីរបស់រាជវង្សមីង សោយរាជចាប់ពីឆ្នាំ 1402 ដល់ 1424។ នេះគឺជាចានបុរាណ 1 ក្នុងចំណោម 7 ដែលនៅមាននៅលើពិភពលោក។ កាលពីខែមុន ចានបុរាណនេះ ត្រូវបានអ្នកស្រលាញ់វត្ថុបុរាណម្នាក់ទិញពីកន្លែងលក់ទំនិញចាស់ៗមួយកន្លែងដែលស្ថិតនៅក្នុងរដ្ឋ Connecticut ភាគឦសាននៃសហរដ្ឋអាមេរិក ក្នុងតម្លៃ 35ដុល្លារ។
អ្នកទិញខាងលើ ក្រោយមកក៏បានផ្ញើព័ត៌មាន និងរូបថតតាមអ៊ីមេលទៅកាន់ Sotheby’s ដើម្បីស្នើឱ្យជួយវាយតម្លៃ។ Sotheby’s បានបញ្ជាក់ថា ចាននេះមានតាំងពីអំឡុងឆ្នាំ 1400 នៃគ្រិស្តសករាជមកម្ល៉េះ។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាចានបុរាណនេះអាចមានវត្តមាននៅក្នុងតំបន់លក់ទំនិញមួយទឹកនៅក្នុងរដ្ឋ Connecticut នៅឡើយ។ Angela McAteer ដែលជាអ្នកគ្រប់គ្រងផ្នែកស្នាដៃសិល្បៈចិនរបស់ក្រុមហ៊ុន Sotheby’s បានឱ្យដឹងថា ចាននេះប្រហែលជាត្រូវបានគ្រួសារមួយរក្សាទុកពីជំនាន់មួយ ទៅជំនាន់មួយ ហើយពួកគេមិនបានដឹងអំពីតម្លៃពិតរបស់វា។
កន្លងមក មុនពេលដាក់លក់ដេញថ្លៃ Sotheby’s ព្យាករថា ចាននេះមានតម្លៃចាប់ពី 300,000 ដល់ 500,000ដុល្លារអាមេរិក។ ប៉ុន្តែ ជាក់ស្ដែងពេលនេះ វាត្រូវបានគេទិញក្នុងតម្លៃជាង 722,000ដុល្លារអាមេរិក។
ចានចំនួន 5 ក្នុងចំណោមចានដែលត្រូវបានគេស្គាល់ កំពុងស្ថិតក្នុងសារមន្ទីរ រួមមាន៖ 2 នៅកោះតៃវ៉ាន់, 2 នៅក្រុងឡុងដ៍នៃប្រទេសអង់គ្លេស និង 1 នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់៕
ព័ត៌មានទាក់ទង> ចានបុរាណចិននៅអាមេរិក ត្រូវគេទិញក្នុងតម្លៃ 35ដុល្លារ តែលក់វិញតម្លៃ 500,000ដុល្លារ
ប្រភព៖ AP, CNN
ប្រែសម្រួល៖ បុត្រា