ក្លិបយក្ស Barcelona បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើប្រយុទ្ធ Ousmane Dembele ពីក្លិប Borussia Dortmund របស់អាល្លឺម៉ង់ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបចំនួន105លានអឺរ៉ូ (ស្មើនឹង125លានដុល្លារអាមេរិក) បូកទាំងប្រាក់ឧបត្ថម្ភចំនួន42លានអឺរ៉ូផ្សេងទៀត។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបអេស្ប៉ាញមួយនេះ កាលពីថ្ងៃសុក្រ។
ខ្សែបម្រើអន្តរជាតិបារាំង Dembele បានស៊ុតបាល់បញ្ចូលទី10គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន20គ្រាប់ផ្សេងទៀតក្នុងរាល់យុទ្ធនាការទាំងអស់ដើម្បីជួយឲ្យក្រុម Dortmund បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2នៅលើតារាងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន។ ក្រុមនេះក៏បានឈ្នះពាន German Cup ផងដែរ។ សេចក្តីប្រកាសមួយពីក្លិប Barca បានបញ្ជាក់ថា Dembele នឹងធ្វើដំណើរទៅដល់ទីក្រុង Barcelona នៅថ្ងៃអាទិត្យស្អែកនេះ ហើយនិងត្រូវពិនិត្យសុខភាពនៅថ្ងៃចន្ទមុនពេលចុះហត្ថលេខាលើកុងត្រាមួយដែលនឹងមានលក្ខខណ្ឌរំលាយកិច្ចសន្យាក្នុងទឹកប្រាក 400លានអឺរ៉ូ។ រូបគេក៏នឹងត្រូវប្រកាសជាកីឡាកររបស់ Barca ជាផ្លូវការនៅថ្ងៃចន្ទដដែលនោះផងដែរ នៅឯកីឡដ្ឋាន Nou Camp របស់ក្លិបនេះ។
Barcelona បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា៖ «ពិតណាស់ រូបគេជាកីឡាករដ៏មានទេពកោសល្យម្នាក់ និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតប្រចាំទ្វីបនេះ»។ ភ្លាមៗក្រោយពីការប្រកាសរបស់ក្លិប Barceona សេចក្តីប្រកាសមួយពីក្លិប Dortmund ក៏បានអះអាងពីការលក់កីឡាកររូបនេះផងដែរ។ ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ បានឲ្យដឹងថា៖ «ក្លិប FC Barcelona នឹងត្រូវទូទាត់សំណងពីការផ្ទេរក្នុងទឹកប្រាក់ដុលចំនួន105លានអឺរ៉ូ។ ក្រៅពី ក៏មានការព្រមព្រៀងគ្នាមួយទៅលើសំណងផ្សេងៗទៀតដែលមានចំនួនរហូតដល់ទៅ40ភាគនៃតម្លៃខ្លួនក្នុងការផ្ទេរនេះ»៕
ប្រភពពី៖ BBC