ក្នុងពេលដែល Alibaba កំពុងតែរកវិធីចាកចេញឱ្យផុតពីបញ្ហាដែលមហាសេដ្ឋី Jack Ma បានបង្កឡើង ពួកគេក៏ត្រូវក្រុមហ៊ុនជំនាន់ថ្មីយកឈ្នះពេញមួយទំហឹង នោះគឺក្រុមហ៊ុន Pinduoduo។
ប្រធានរបស់ក្រុមហ៊ុន Pinduoduo ទើបតែបានប្រកាសថានឹងចាកចេញពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ ដើម្បីកាត់បន្ថយសិទ្ធិអំណាចក្នុងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនឆាប់រហ័សជាងគេនៅប្រទេសចិននាបច្ចុប្បន្ន។ ប្រកាសនេះត្រូវបានធ្វើឡើងស្របពេលដែលក្រុមហ៊ុន Pinduoduo ប្រកាសថា តួលេខអ្នកប្រើប្រាស់របស់ក្រុមហ៊ុន បានកើនឡើងលើសពី Alibaba ទៅទៀត។
តំណែងប្រធានក្រុមហ៊ុនរបស់ស្ថាបនិក Colin Huang នឹងត្រូវបានជំនួសដោយ Lei Chen ជាអ្នកកំពុងកាន់កាប់តំណែង CEO របស់ក្រុមហ៊ុន។ ដូច្នេះ លោក Huang ទំនងជាដកខ្លួនចេញពីក្រុមហ៊ុននេះ ជាកន្លែងដែលជួយឱ្យលោកក្លាយជាអ្នកមានលំដាប់ទីបីនៅប្រទេសចិន។ កាលពីឆ្នាំទៅ លោក Huang ក៏បានដកខ្លួនចេញពីតំណែង CEO ផងដែរ។
Huang បានប្រឹងប្រែងក្នុងការ «បំប៉ន» ដល់អ្នកបន្តវេនរបស់ខ្លួនគឺលោក Lei Chen ដោយកិច្ចការដែលអាចឆ្លើយតបនឹងល្បឿននៃការរីកចម្រើនរបស់ក្រុមហ៊ុន។ ចំណូលនៅក្នុងត្រីមាសទីបួននៃឆ្នាំ 2020 របស់ពួកគេ បានកើន 146% និងឡើងដល់ 4.1 ពាន់លានដុល្លារអាមេរិក។ កំណើននេះគឺខ្ពស់ជាងច្រើនដងបើធៀបនឹង Alibaba និង JD.com ដោយសារតែតម្រូវការនៃទីផ្សារបន្លែផ្លែឈើ និងកំណើននៃអ្នកប្រើប្រាស់នៅក្នុងបណ្ដាទីក្រុងដែលមិនសូវមានការអភិវឌ្ឍខ្លាំង ចាប់ផ្ដើមចូលរួមទិញដូរតាមអនឡាញ។
លោក Huang បានធ្វើឱ្យមានចំណាប់អារម្មណ៍ច្រើននៅប្រទេសចិន ជាមួយនឹងការបង្កើតបានទ្រព្យសម្បត្តិដែលមានតម្លៃ 57 ពាន់លានដុល្លារអាមេរិក រួមនឹងក្រុមហ៊ុនមួយដែលមានតម្លៃមូលធនទីផ្សារឡើងដល់ 180 ពាន់លានដុល្លារ។ មូលបត្រ Pinduoduo បានកើនជាង 4 ដង កាលពីឆ្នាំ 2020 និងបានឡើងដល់ចំណុចកំពូលកាលពីថ្ងៃទី 17 កុម្ភៈ 2021 បើទោះជាក្រោយមកវាបានថយចុះបន្តិចក៏ដោយ។
ចំនួនអ្នកប្រើប្រាស់ប្រចាំឆ្នាំរបស់ Pinduoduo បានកើនឡើងដល់ 788 លាននាក់ គិតត្រឹមខែធ្នូ 2020 ច្រើនជាងបន្តិចបើធៀបនឹង 779 លាននាក់របស់ Alibaba។ នៅក្នុងពិធីបុណ្យនិទាឃរដូវកន្លងទៅ តួលេខអ្នកចូលប្រើប្រាស់របស់ក្រុមហ៊ុន Pinduoduo ពេលខ្លះបានកើនឡើងច្រើនជាង Taobao ទៅទៀត។
អត្រាកំណើនប្រចាំត្រីមាស បានឡើងដល់ 57% ខណៈតម្លៃសរុបនៃទំនិញដែលត្រូវបានជួញដូរក្នុងរយៈពេល 12 ខែ គិតមកដល់ត្រឹមចុងខែធ្នូ 2020 របស់ Pinduoduo បានកើន 66% និងមានតម្លៃសរុប 1.67 ពាន់លានយន់ (256,828,000 ដុល្លារអាមេរិក)។ Pinduoduo កំពុងតែតម្រង់ទិសដៅក្លាយជាអ្នកលក់បន្លែផ្លែឈើធំជាងគេបង្អស់ក្នុងពិភពលោក៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា