ភោជនីយដ្ឋាន និងហាងកាហ្វេជាច្រើនកន្លែងនៅក្នុងបណ្ដាប្រទេសនៃតំបន់ឈូងសមុទ្រពែក្ស (Persian Gulf/Arabian Gulf) កំពុងប្រឈមនឹងការរិះគន់ពីសាធារណជន ព្រោះតែយកដបទឹកគោកូនក្មេងមកដាក់កាហ្វេសម្រាប់បម្រើអតិថិជន។
សារព័ត៌មាន AP របស់សហរដ្ឋអាមេរិក បានចុះផ្សាយថា ការនិយមខាងលើបានកើតឡើងពីយីហោកាហ្វេដែលមានឈ្មោះថា Einstein ដែលមានភោជនីយដ្ឋានជាច្រើននៅពាសពេញតំបន់នេះ ចាប់ពីទីក្រុង Dubai របស់អារ៉ាប់រួម រហូតដល់ប្រទេសគុយវ៉ែត និងបារ៉ែន។ ជំនួសឱ្យការប្រើប្រាស់កែវក្រដាសធម្មតា ហាងកាហ្វេ Einstein បែរជាយកដបទឹកដោះគោកូនក្មេងមកដាក់កាហ្វេទៅវិញ។
ភេសជ្ជៈរបស់ហាងកាហ្វេ Einstein ក៏មានមុខខ្លះមានឈ្មោះទាក់ទងនឹងអាហាររបស់កូនក្មេង ដោយវាមានលាយទឹកដោះគោក្រឡុកជាមួយម្សៅបបរកូនក្មេង និងម្សៅអង្ករ។ល។ ទាំងនេះសុទ្ធតែបានក្លាយជាភេសជ្ជពេញនិយមនៅបណ្ដាហាងខាងលើ។
នាយកប្រតិបត្តិរបស់ Einstein ប្រចាំអារ៉ាប់រួម (UAE) នាង Younes Molla បានឱ្យដឹងថា៖ «គ្រប់គ្នាសុទ្ធតែចង់ទិញភេសជ្ជៈដែលដាក់នៅក្នុងដបទឹកគោកូនក្មេង។ ពួកគេនិយាយថា នឹងមកហាងរបស់យើងជាមួយនឹងមិត្តភក្ដិ ឪពុកម្ដាយ។ Covid-19 កើតឡើងជាច្រើនខែ និងបានឆ្លងកាត់ការលំបាកជាច្រើន គ្រប់គ្នាក៏ចង់សប្បាយរីករាយ។ ពួកគេនាំគ្នាថតរូប និងរំលឹកអនុស្សាវរីយ៍កាលពីនៅវ័យកុមារ»។
អតិថិជនជាច្រើនបានសុខចិត្តឈរតម្រង់ជួររង់ចាំនៅហាង Einstein ដើម្បីបានញ៉ាំទឹកផ្លែឈើ ឬកាហ្វេដែលដាក់ក្នុងដបទឹកដោះគោកូនក្មេង។ អតិថិជនមួយចំនួនទៀត ថែមទាំងយកដបទឹកដោះគោរបស់កូនៗពួកគេមកកាន់ភោជនីយដ្ឋានយើង។
រូបភាពស្ដីអំពីដបទឹកដោះគោដែលមានពណ៌ចម្រុះរបស់យីហោ Einstein ទទួលបានការចុចចូលចិត្តរាប់ម៉ឺននៅលើបណ្ដាញសង្គម Instagram និង TikTok។ល។
ក៏ប៉ុន្តែ នៅមានមតិជាច្រើនរិះគន់ថា រូបភាពជំនួញនៃយីហោ Einstein ខាងលើ មិនសមស្របជាមួយនឹងវប្បធម៌របស់អ៊ីស្លាមសាសនា។ ជាងនេះ នៅក្នុងខែមីនា 2021 អាជ្ញាធរនៃទីក្រុង Dubai ថែមទាំងបានមកកាន់ភោជនីយដ្ឋានដើម្បីធ្វើករពិន័យផងដែរ។
ប្រទេសអារ៉ាប់រួម (UAE) បានប្រកាសថា៖ «ការប្រើប្រាស់ដបទឹកគោកូនក្មេង មិនត្រឹមតែផ្ទុយទៅនឹងវប្បធម៌ និងទំនៀមទម្លាប់ក្នុងស្រុកប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យមានហានិភ័យឆ្លងរាលដាលវីរុស Covid-19 ទៀតផង»។
រដ្ឋាភិបាលគុយវ៉ែតឯណោះវិញ ក៏បានបិទភោជនីយដ្ឋាន Einstein ជាបណ្ដោះអាសន្នផងដែរ ខណៈដែលប៉ូលិសនៃប្រទេសបារ៉ែនប្រដាប់ដោយកាមេរ៉ា បានមកកាន់ភោជនីយដ្ឋានដែលមានបម្រើភេសជ្ជៈដាក់ក្នុងដបទឹកដោះគោកូនក្មេង និងបានព្រមានអតិថិជនថា ពួកគេ «រំលោភលើប្រពៃណី និងទំនៀមទម្លាប់របស់បារ៉ែន»។
ប្រទេសអូម៉ង់ ក៏មិនបន្ធូរដៃដែរ ដោយបានលើកទឹកចិត្តឱ្យប្រជាជនរាយការណ៍អំពីករណីភោជនីយដ្ឋានណាដែលបម្រើភេសជ្ជៈដាក់ក្នុងដបទឹកដោះគោកូនក្មេង តាមរយៈការហៅទូរស័ព្ទទៅកាន់នាយកដ្ឋានគាំពារអ្នកប្រើប្រាស់៕
ប្រភព៖ AP
ប្រែសម្រួល៖ បុត្រា