អ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសឥណ្ឌា បានសម្ដែងការរីករាយនៅពេលហាងលក់ឧបករណ៍ជំនួយផ្លូវភេទស្របច្បាប់ដំងូង បានបើកដំណើរការនៅក្នុងរដ្ឋ Goa នៃប្រទេសឥណ្ឌា។
ផលិតផល និងឧបករណ៍ជំនួយផ្លូវភេទ ដើមឡើយត្រូវបានលក់ជាចម្បងនៅលើអ៊ីនធើណិតនៅឥណ្ឌា ហើយក្នុងអំឡុងពេលមាន Covid-19 បរិមាណនៃផលិតដែលបានលក់ចេញ បានកើនឡើងដល់ 65%។ នៅចំពោះមុខកំណើននេះ ហាងលក់ឧបករណ៍សិចស្របច្បាប់ដំបូងគេរបស់ឥណ្ឌា ដែលមានឈ្មោះថា “Kama Gizmos”, ត្រូវបានបើកដំណើរការនៅក្នុងរដ្ឋ Goa កាលពីចុងខែកុម្ភៈ 2021។
Nirav Mehta ដែលជាសហស្ថាបនិករបស់ “Kama Gizmos” បានឱ្យដឹងថា គំនិតនៃការបង្កើតមុខជំនួញរបស់ខ្លួន កើតចេញពីតម្រូវការនៃទីផ្សារថែទាំសុខភាពផ្លូវភេទ ពោលគឺមិនមែនប្រែក្លាយហាងរបស់ខ្លួនឱ្យដូចទៅនឹងទីតាំងលក់ឧបករណ៍ផ្លូវភេទប្លែកៗផ្សេងទៀតនោះទេ។
«យើងមិនត្រឹមតែមានបំណងលក់ឧបករណ៍សិចនោះទេ។ ទំនិញរបស់យើង ត្រូវតែរួមមានទាំងផលិតផលថែទាំសុខភាពជីវសាស្ត្រផងដែរ។ ទាំងនោះគឺជាចក្ខុវិស័យរបស់យើងខ្ញុំ» Mehta ប្រាប់ដូច្នេះ។
ក្រុមអ្នកលេងបណ្ដាញសង្គមនៅឥណ្ឌា ភាគច្រើនលើកសរសើរចំពោះគំនិតស្ដីអំពីហាងលក់ឧបករណ៍ផ្លូវភេទ “Kama Gizmos”។ មានអ្នកខ្លះនិយាយថា «ដល់ពេល» ដែលត្រូវមានហាងបែបនេះបង្ហាញខ្លួននៅប្រទេសឥណ្ឌាហើយ។ អ្នកខ្លះក៏ថា «ខ្ញុំពិតជាអន្ទះសាចង់ទៅមើលហាងនោះណាស់»។ អ្នកខ្លះទៀតសរសេរនៅលើបណ្ដាញសង្គមយ៉ាងកំប្លែងថា «សូមស្រមៃមើលថាវានឹងទៅជាយ៉ាងណានៅពេលអ្នកបានទៅកាន់ហាងនោះ និងបានជួបអ្នកជិតស្និទ្ធរបស់ខ្លួន»។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនព្រមានថា ហាង “Kama Gizmos” អាចនឹងត្រូវរងការរិះគន់ នៅពេលមនុស្សជាច្រើន ពិសេសគឺក្រុមមនុស្សអភិរក្សនិយមចាត់ទុកថា សកម្មភាពជំនួញនេះគឺជាអំពើ «បំផ្លិចបំផ្លាញវប្បធម៌ឥណ្ឌា»។
Mehta បញ្ជាក់ថា «យើងកំពុងធ្វើកិច្ចការយ៉ាងប្រុងប្រយ័ត្ន និងធានាថា គោរពតាមគោលការណ៍ច្បាប់ ដែលនឹងមិនឱ្យមានករណីប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីនោះឡើយ។ យោងតាមច្បាប់ឥណ្ឌា អ្នកអាចលក់ផលិតផលផ្លូវភេទគ្រប់យ៉ាង ឱ្យតែវាមិនប្រកបដោយភាពអាសអាភាស»៕
ប្រភព៖ Sputnik
ប្រែសម្រួល៖ បុត្រា