ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រហូតមកទល់ពេលនេះ បានធ្វើឱ្យមានបញ្ហាជាច្រើននៅកកស្ទះ មិនទាន់អាចដោះស្រាយបាន ហេតុដូច្នេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ បានផ្លាស់ប្តូរទីតាំងផលិត ឬដំឡើងផលិតផលរបស់ខ្លួន ទៅកាន់ប្រទេសផ្សេងទៀតវិញ ដូចជា ប្រទេសវៀតណាម និងឥណ្ឌាជាដើម។
កាលពីពេលថ្មីៗនេះ Apple បានចេញមុខមកបញ្ជាក់ថា ក្រុមហ៊ុនពិតជាមានគម្រោង ក្នុងការបង្កើនផលិតកម្ម iPhone 12 របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌាឱ្យបានច្រើនជាងមុនពិតមែន។
Apple បានបញ្ជាក់ទៀតថា ពួកគេពេញចិត្តយ៉ាងខ្លាំង ក្នុងការសម្រេចបង្កើនផលិតកម្ម iPhone របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនលំដាប់លេខ2 មួយនេះ។
កន្លែងដែលត្រូវប្រើប្រាស់សម្រាប់ការដំឡើង iPhone 12 គឺស្ថិតនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Foxconn ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដែលជាសាខាធំមួយ មិនចាញ់ Foxconn នៅប្រទេសចិនប៉ុន្មានឡើយ។
ប្រភពដដែល បានបង្ហើបឱ្យដឹងទៀតថា ផលិតកម្ម iPhone ត្រូវបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា តាមរយៈក្រុមហ៊ុន Foxconn និង Wistron តាំងពីឆ្នាំ2017 មកម្ល៉េះ លើសពីនេះក្រុមហ៊ុន Apple ក៏កំពុងមានគម្រោងក្នុងការដំឡើង ថេប្លេត របស់ខ្លួនក្នុងប្រទេសឥណ្ឌាផងដែរ៕