ភ្នំពេញ – ស្របពេលអាជីវកម្មលក់កាហ្វេខ្នាតតូច-មធ្យមកាន់តែផុសផុលច្រើនឡើងនោះ មានយុវជនជាច្រើនចាប់ផ្ដើមមានគំនិតចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ពួកគេតែងតែសួរខ្លួនឯងថា ប្រសិនអត់ចេះជំនាញនេះតើគួរចាប់ផ្ដើមអាជីវកម្មបែបណា?។
ថ្ងៃនេះឡារ៉ែន Online សូមនាំយកនូវពាក្យពេចន៍របស់អ្នកតំណាងក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការទាំងនេះមកជម្រាបជូនទុកជាមធ្យោបាយដើម្បីឈានទៅដល់ការបើកអាជីវកម្ម។ អ្នកមានបទពិសោធក្នុងអាជីវកម្មលក់កាហ្វេជាច្រើននាក់បានប្រាប់ថា ដើម្បីចាប់អាចផ្ដើមអាជីវកម្មលក់កាហ្វេបានត្រូវគិតលើ3ចំណុចធំៗគឺ រកប្រភពកាហ្វេ ការរៀបចំទីតាំងឬតូប និងរកប្រភពផ្គត់ផ្គង់សម្ភារដូចជាកំប៉ុង ឬកែវជាដើម។
លោកភ្លី រ៉ហ្វីគីន បុគ្គលិកផ្នែកលក់នៃ Founan Café បានលើកឡើងថា សព្វថ្ងៃអ្នកមានបំណងចង់បង្កើតអាជីវកម្មលក់កាហ្វេច្រើនណាស់ ពិសេសក្រុមហ៊ុនលោកតែងតែទទួលបានម្ចាស់អាជីវកម្មថ្មីៗជាយុវវ័យ។ លោកបន្ដថា ការបើកហាងលក់កាហ្វេខ្នាតតូច និងមធ្យមលែងលំបាកដូចមុនហើយ ពោលគឺគ្រាន់តែទាក់ទងក្រុមហ៊ុនយើងខ្ញុំ និងបញ្ជាទិញម៉ាស៊ីនឆុងកាហ្វេខ្នាតតូច មធ្យម ឬធំ ពួកគាត់នឹងអាចទទួលបានការបង្រៀនពីវិធីឆុងកាហ្វេ និងការធ្វើភេសជ្ជៈជាច្រើនប្រភេទពីអ្នកជំនាញដោយឥតគិតថ្លៃ។
ម៉ាស៊ីនដែលក្រុមហ៊ុនលក់ មានខ្នាតតូចដែលមានតម្លៃក្នុងរង្វង់1700ដុល្លារ ខ្នាតមធ្យមក្នុងរង្វង់3500ដុល្លារ រីឯម៉ាស៊ីនខ្នាតធំចាប់ពី5000-6000ដុល្លារអាមេរិក។ ក្រុមហ៊ុនក៏មានផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ដំណើការអាជីវកម្មនោះផងដែរ។
លោក គង់ ឈៀងឈុន ម្ចាស់អាជីវកម្ម គង់កី ជាក្រុមហ៊ុនទទួលច្នៃរទេះលក់កាហ្វេ បានលើកឡើងថា អាជីវកម្មរបស់លោកបានចាប់ផ្ដើមតាំងពីឆ្នាំ1992មកម្ល៉េះ ប៉ុន្ដែអ្នកប្រកបអាជីវកម្មលក់កាហ្វេមានការផុសផុលខ្លាំងនាពេលបច្ចុប្បន្នតាមរយៈការកុម្ម៉ង់ទិញរទេះរបស់លោក។ លោកបញ្ជាក់ថា អតិថិជនមានបំណង់ចង់បញ្ជាទិញរទេះលក់កាហ្វេ ពួកគាត់អាចមកក្រុមហ៊ុនដោយផ្ទាល់មើលគំរូរទេះ ឬក៏កុម្ម៉ង់ទៅតាមតម្រូវការរបស់ខ្លួន។ ក្នុងនោះមានតម្លៃចាប់ពីជាង300ដល់ជាង1000ដុល្លារអាមេរិក។
ម្ចាស់អាជីវកម្មរូបនេះបញ្ជាក់ថា៖ «អតិថិជនគាត់អាចកុម្ម៉ង់រទេះបានគ្រប់ប្រភេទទៅតាមតម្រូវការ តម្លៃវាអាស្រ័យទៅតាមប្រភេទរទេះនីមួយ។ ក្នុងករណីអតិថិជនពុំមានគំនិតក្នុងការកុម្ម៉ង់ក្រុមហ៊ុនយើងមានគំរូសម្រាប់ជ្រើសរើស»។
តំណាងក្រុមហ៊ុន TPH Display Equipment Supply ជាក្រុមហ៊ុនចែកចាយកំប៉ុងកាហ្វេ និងសម្ភារមួយចំនួនឱ្យក្រុមហ៊ុនកាហ្វេមានBrand ធំចំនួនពីរនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ពាក់ព័ន្ធនឹងវិស័យកាហ្វេនេះក្រុមហ៊ុនលោកកំពុងតែផ្គត់ផ្គត់កំប៉ុងសម្រាប់ធ្វើការវេចខ្ចប់កាហ្វេ។
មានអ្នកនិយមញ៉ាំកាហ្វេជាច្រើនបានលើកឡើងថា ការញ៉ាំកាហ្វេក្រៅពីត្រូវការកាហ្វេរសជាតិឆ្ងាញ់ហើយនោះ សោភ័ណភាពរបស់កំប៉ុងក៏ជាចំណុចទាក់ទាញមួយយ៉ាងសំខាន់ដែរ។
តំណាងក្រុមហ៊ុនរូបនេះបញ្ជាក់ថា នៅក្រុមហ៊ុនរបស់យើងមានគំរូកំប៉ុងជាច្រើនសម្រាប់អតិថិជនសុទ្ធតែម៉ូដស្ដង់ដារទាំងអស់ ប៉ុន្ដែបើអតិថិជនមានគំនិតច្នៃប្រឌិតអ្វីប្លែកខុសពីគំរូនានានោះ ក្រុមហ៊ុនលោកក៏អាចមានសមត្ថភាពផលិតជូនបានដែរ៕