មកទល់ពេលនេះភាពយន្ដ «គ្រោះជីវិតកូវីត១៩ » ដែលផលិតឡើងដោយផលិតកម្មកថាជ័យភាពយន្ដ បានថតយបើយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្ម ក៏ដូចជាអ្នកដឹកនាំសម្ដែងរឿងនេះ បានបង្ហោះពីសកម្មភាពមួយចំនួននៃការថតភាពយន្ដនេះ។
រូបភាពមួយសន្លឹកដែលបង្ហាញពីឈុតធ្វើចត្តាឡីស័កខំប្រឹងហាត់ប្រាណប្រឆាំងជាមួយជំងឺកូវីដ១៩ លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ឱ្យដឹងថា «រូបភាពក្នុងភាពយន្តរឿង #គ្រោះជីវិតកូវីត១៩ ឈុតធ្វើចត្តាឡីស័កខំប្រឹងហាត់ប្រាណ🎬
ភាពយន្តនេះថតមុនព្រឹត្តិការណ៍កូវីតផ្ទុះឡើងចុងក្រោយ🎬តែមកនាគវ័ធកន្ទុយចុងក្រោយជិតថតចប់ ហើយពួកយើងប្រឹងធ្វើការដូចជាទាហានប្រញាប់បញ្ចប់ ដោយពាក់ម៉ាសបាញ់អាកុល វាស់កម្តៅជាប់ជានិច្ជ🙏។ ហើយពួកយើងបានបញ្ចប់ទាំងភ្នែកនៅកញ្ចឹងក🙏 ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍សិល្បៈបានមកដល់នៅពេលពួកយើងថតចប់»។
លោកបន្ដថា « តែទោះយ៉ាងណាយើងខ្ញុំកំពុងតាមដានអោយច្បាស់មុនហេតុការណ៍ឆ្លងសហគមន៍ សិល្បៈមុន១អាទិត្យនេះ🙏 ដំណាក់កាលនេះសូមក្រុមការងារនិងអ្នកសិល្បៈទាំងអស់ដែលបានថតរឿង #គ្រោះជីវិតកូវីត១៩ មេត្តាស្ថិតនៅផ្ទះមួយរយៈបើមិនចាំបាច់ សូមគោរពតាមគោលការណ៍ បីកុំ បីការពារ🙏សង្ឃឹមពួកយើងឆ្លងផុតដំណាក់កាលនេះទាំងអស់គ្នា🙏សូមរូបភាពធ្វើចត្តាឡីស័កនេះមានតែក្នុងរឿងបានហើយ។ សូមកុំអោយពួកយើងរងគ្រោះធ្វើចត្តាឡីស័កពិតអី🙏»។
យ៉ាងណាមិញ គេរំពឹងថា នឹងទទួលបានការគាំទ្រស្នាដៃយ៉ាងខ្លាំង ដូចដែលមហាជនគាំទ្រធ្លាប់បានដឹងពីស្នាដៃកន្លងមករបស់លោក។ លោក ហ៊ុយ យ៉ាឡេង ក៏ធ្លាប់បានបញ្ជាក់នាថ្ងៃក្រុងពាលិថា ស្នាដៃថ្មីនេះ មានរសជាតិច្រើនលាយឡំគ្នា យំ កម្សត់ និងលាយសំណើច ហើយរឿង «គ្រោះជីវិតកូវីដ១៩» នេះក៏មានគម្រោងអាចនឹងដាក់បញ្ចាំងមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរតាមភាពជាក់ស្តែង៕