នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនមួយនៅប្រទេសចិន បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដាក់លក់ផលិតផលជារូបសំណាក Donald Trump ដែលជានិន្នាការជំនួញ «ស៊ីដោយសារគេ» ថ្មីបំផុត ទាក់ទងនឹងអតីតប្រធានាធិបតីអាមេរិក។
តាមរយៈទំព័រពាណិជ្ជកម្មអេឡិចត្រូនិក Taobao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba អតិថិជនអាចបញ្ជាទិញរូបសំណាកប្រធានាធិបតីទី 45 របស់សហរដ្ឋអាមេរិកកំពុងតាំងសមាធិ ជាមួយនឹងតម្លៃចាប់ពី 150 ដុល្លារអាមេរិក។ ផលិតផលនេះមានពីរប្រភេទ ក្នុងនោះមានមួយប្រភេទមានកម្ពស់ 4.6 ម៉ែត្រ និងមួយទៀតកម្ពស់ 1.5 ម៉ែត្រ។
ក្រុមហ៊ុនផលិតសម្ភារធ្វើអំពីឈើ Buduo ដែលទទួលបានការវាយតម្លៃផ្កាយ 5 នៅលើផ្សារអនឡាញ Taobao ដាក់លក់រូបសំណាកនេះអស់ចំនួន 36 រូបមកហើយ ក្នុងនោះមាន 2 រូបជាប្រភេទធំ ដែលបង្ហាញឥរិយាបថ លោក Trump គ្រងឈុតអ្នកបួស ដែលត្រូវបានលក់ក្នុងតម្លៃឡើងដល់ 615 ដុល្លារអាមេរិក។ ក្រុមហ៊ុនសន្យាថានឹងប្រគល់ដល់ដៃអតិថិជននៅក្នុងខែមេសាខាងមុខ។ បណ្ដាញសារព័ត៌មាន Global Times ដកស្រង់ប្រភពព័ត៌មានពីអ្នកគ្រប់គ្រងក្រុមហ៊ុន Buduo ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា អតិថិជនដែលបានជាវរូបសំណាកនេះ ភាគច្រើនក្នុងបំណងកម្សាន្ត។
រូបសំណាកនេះត្រូវបានផលិតឡើងអំពីវត្ថុធាតុសេរ៉ាមិក ឬជ័រ resin។ អមជាមួយនឹងរូបសំណាក ក៏មានអក្សរមួយឃ្លាដែលសរសេរថា «នាំក្រុមហ៊ុនរបស់អ្នកត្រលប់ទៅរកភាពមហាអស្ចារ្យឡើងវិញ» (‘Make Your Company Great Again’) ដែលនេះគឺជាឃ្លាដែល «កែច្នៃ» ពីជ័យឃោសន៍ដ៏ល្បីឈ្មោះរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump «នាំសហរដ្ឋអាមេរិកទៅរកភាពមហាអស្ចារ្យឡើងវិញ» (“Make America Great Again”)។
ផលិតផល «ស៊ីកេរ» លោក Trump ទំនងជានឹងមានទីផ្សារធំទូលាយនៅប្រទេសចិន។ ក្រុមហ៊ុនជាច្រើន កន្លងមកក៏បាននាំគ្នាដាក់លក់ផលិតផលដែលមានអត្ថន័យប្រហាក់ប្រហែលនឹងរូបសំណាក Donald Trump របស់ Buduo នេះដែរ។ មុននេះ ក៏មានក្រុមហ៊ុនមិនតិចនោះទេដែលបានប្រើប្រាស់ឈ្មោះដែលទាក់ទងនឹងលោក Trump នៅពេលពួកគេបានចាប់ផ្ដើមផលិត និងដាក់លក់ផលិតផលច្រើនប្រភេទ មានតាំងពីអាវយឺត ក្រដាសអនាម័យ ឬអំបោសដែលមានបោះពុម្ភរូបលោក Trump ។ល។
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា