កាលពីពេលថ្មីៗនេះ កម្មវិធី Android ទាំង8 ត្រូវបានក្រុមអ្នកស្រាវជ្រាវ រាយការណ៍ទៅក្រុមហ៊ុន Google នៅថ្ងៃទី28 ខែមករា បន្ទាប់ពីបានរកឃើញកម្មវិធី Android ទាំងនោះ មានបង្កប់មកជាមួយ នូវកម្មវិធីមេរោគ ដែលអាចបើកផ្លូវ ឱ្យពួកជនខិលខូច ទាញយកទិន្នន័យទាក់ទងនឹងធនាគារ ហើយថែមទាំងអាចគ្រប់គ្រងទូរស័ព្ទរបស់អ្នកប្រើប្រាស់បានទៀតផង។
ក្រុមជនខិលខូច បានប្រើវិធីផ្សេងៗ ដើម្បីចៀសវាងពីការឆែកមើល និងតាមដានរបស់ Google Play Protect មានដូចជាការបង្កើតកម្មវិធីក្លែងក្លាយ ដើម្បីអាចដាក់ចូលទៅក្នុង Google Play Store បាន ប៉ុន្តែក្រោយមកពួកគេក៏បានធ្វើបច្ចុប្បន្នភាពកម្មវិធីនោះដោយលួចបញ្ចូលកម្មវិធីមេរោគ។ ខ្លះទៀតនោះ គឺពួកគេបានប្រើប្រព័ន្ធអ៊ីនគ្រីបសិន (encryption) ដើម្បីលាក់កូដដែលមានមេរោគនៅក្នុងកម្មវិធី ដើម្បីអាចបញ្ចូលទៅក្នុង Play Store តែម្ដង។
ក្រុមហ៊ុនក៏បានធ្វើការលុបចោលកម្មវិធីទាំងនោះចេញពី Play Store នៅថ្ងៃទី៩ ខែកុម្ភៈរួចមកហើយផងដែរ។ កម្មវិធីទាំង 8នោះរួមមាន Cake VPN, Pacific VPN, eVPN, BeatPlayer, QR/Barcode Scanner MAX, Music Player, tooltipnatorlibrary និង Qrecorder។
ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រខាងលើបានឱ្យដឹងថា ទោះបីជាក្រុមហ៊ុនបានលុបចោលកម្មវិធីទាំងនោះចេញពី Play Store ហើយក្ដី ប៉ុន្តែដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទ លោកអ្នកគួរតែលុបចោលកម្មវិធីទាំងនោះចេញពីទូរស័ព្ទរបស់លោកអ្នក ឱ្យបានឆាប់រហ័ស៕