Skip to content

មន្ត្រីជាន់ខ្ពស់៖ កម្ពុជា​កំពុង​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​ធុន​កណ្តាល

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​បាន​ថ្លែងថា កម្ពុជា​នឹង​ប្រែក្លាយ​ទៅជា​ប្រទេស​សេដ្ឋកិច្ច​មួយ​ដែលមាន​ប្រាក់ចំណូល​ធុន​កណ្តាល ដោយ​ពឹង​ផ្អែកលើ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម កសិកម្ម ដែលជា​កម្លាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក សាត សាមី បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា-អន្តរជាតិ​ឆ្នាំ2017 និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​កម្ពុជា-អន្តរជាតិ​ឆ្នាំ2017នា​ព្រឹក​ថ្ងៃទី25 ខែសីហា​នេះ​ថា វិស័យ​ឧស្សាហ​កម្មបាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​នយោបាយ​អ​ភិ​វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​សម្រាប់​ឆ្នាំ2015-2025 យោងតាម​ទស្សនវិស័យ​ឆ្នាំ2030 និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​មួយ​ដែលមាន​ប្រាក់ចំណូល​ធុន​កណ្តាល​ដោយ​សង្កត់ធ្ងន់​លើ​តួនាទី​ឧស្សាហកម្ម​ជា​កម្លាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅពេល​អនាគត។

លោក​បាន​បន្តទៀតថា សម្រាប់​គោលបំណង​របស់​ព្រិ​ត្តិ​ការណ៍​តាំងពិព័រណ៍​នេះ គឺជា​ការជំរុញ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​ការវិនិយោគ​បរទេស​នៅ​កម្ពុជា ជាពិសេស​ដើម្បី​ជំរុញ​សកម្មភាព​នាំចេញ និង​នាំចូល ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ គឺជា​ការបង្កើត​ឱកាស​សម្រាប់​បណ្តា​ឧស្សាហករ​ក្នុងការ​លើកកម្ពស់​គ្រឿង​ឧបករណ៍ បរិក្ខារ ការស្វែងរក​កិច្ចសហប្រតិបត្តិការ​គ្នា និង​កាលានុវត្តន៍​ធុរកិច្ចថ្មីៗ ក្នុងនោះ​កម្ពុជា​ត្រូវ​ការធ្វើ​ពិពិធ​កម្ម​លើ​សកម្មភាព​សេដ្ឋកិច្ច និង​ជំរុញ​ការនាំចេញ​ឲ្យ​បានសម្រេច​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​និរន្តរភាព និង​ការអភិវឌ្ឍ​ផលិតផល​បន្ថែមទៀត​លើ​តម្លៃ​ឲ្យ​កាន់តែ​ខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *