រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែលើកគម្រោងលក់ដេញថ្លៃរថយន្ត sedan របស់ក្រុមហ៊ុន Ford និង Chevy រួមនឹងកុងតឺន័រដឹកទំនិញជាង 45,000 លីត្រ និងម៉ាស៊ីនអូសនៃក្រុមហ៊ុន Caterpillar ដែលបានខូច ប៉ុន្តែ ក្នុងចំណោមនោះក៏មានទំនិញមួយមុខដ៏ចម្លែក នោះគឺរូបិយវត្ថុអេឡិចត្រូនិកចំនួន 0,7501 Bitcoin។
នាយកដ្ឋានសេវាកម្មទូទៅសហរដ្ឋអាមេរិក (GSA) តែងតែអនុម័តលើការលក់ដេញថ្លៃដែលពួកគេជាអ្នកធ្វើដើម្បីលក់សម្ភារសេសសល់នៅតាមបណ្ដារដ្ឋ ទៅឱ្យប្រជាជន។ តាមរយៈនេះ ជាមួយនឹងលេខកូដ 4KQSCI21105001 ដែលនឹងត្រូវបានលក់ដេញថ្លៃក្នុងរង្វង់មួយសប្ដាហ៍ទៀត រដ្ឋាភិបាលអាមេរិកនឹងលក់ Bitcoin ដែលមានតម្លៃប្រហែល 38,000 ដុល្លារអាមេរិក បើយោងតាមតម្លៃរបស់ Bitcoin ដែលបានជួញដូរកាលពីថ្ងៃទី 8 មីនា 2021។
ក្រុមមន្ត្រីរដ្ឋាភិបាលមិនបានឱ្យដឹងអំពីប្រភពរបស់ Bitcoin ខាងលើនេះទេ។ បើទោះជាមានភាពខុសគ្នាឆ្ងាយទៅនឹង 30,000 Bitcoin ដែលនាយកដ្ឋានពន្ធដាអាមេរិក (U.S Marshal Service) បានលក់ដេញថ្លៃកាលពីឆ្នាំ 2014 ក្រោយពីរឹបអូសរូបិយវត្ថុអេឡិចត្រូនិកនេះពី «ផ្សារងងឹត» មួយដែលមានឈ្មោះថា Silk Road ប៉ុន្តែ ការលក់ដេញថ្លៃលើកនេះរបស់ GSA បានបង្ហាញថា ការនិយមជួញដូរ Bitoin កាន់តែទូលំទូលាយជាងមុន។
ក្រុមហ៊ុនធំៗរបស់ពិភពលោក កំពុងតែទទួលយកវត្តមានរបស់ Bitcoin។ Bank of New York Mellon Corp. បានឱ្យដឹងថា ពួកគេនឹងកាន់កាប់ ផ្ទេរ និងប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិកនេះនាពេលដ៏ខ្លីខាងមុខ ក្នុងគ្រាដែល Mastercard ក៏បានប្រកាសអំពីគម្រោងអនុញ្ញាតឱ្យម្ចាស់ប័ណ្ណ ទូទាត់ដោយប្រាក់អេឡិចត្រូនិកមួយចំនួនផងដែរនៅក្នុងប្រព័ន្ធរបស់ពួកគេ។
ក្រុមហ៊ុនហិរញ្ញវត្ថុ Morgan Stanley និង Goldman Sachs ក៏មានបំណងលោតចូលរកស៊ីទាក់ទងនឹងប្រាក់អេឡិចត្រូនិកខាងលើនេះផងដែរ។
រូបិយវត្ថុ Bitcoin ដែលអាមេរិកបានលក់ដេញថ្លៃកាលពីឆ្នាំ 2014 ត្រូវបានគេប៉ាន់ប្រមាណឃើញថា មានតម្លៃប្រហែល 19 លានដុល្លារអាមេរិក។ អ្នកវិនិយោគ Tim Draper គឺជាអ្នកឈ្នះក្នុងការដេញថ្លៃ ប៉ុន្តែ តម្លៃចុងក្រោយមិនត្រូវបានគេបង្ហើបឱ្យដឹងនោះឡើយ។ ចំនួន Bitcoin នេះនឹងមានតម្លៃ 1.5 ពាន់លានដុល្លារអាមេរិក បើគិតមកដល់ថ្ងៃទី 8 មីនា ឆ្នាំ 2021។
ព្រឹត្តិការណ៍លក់ដេញថ្លៃរបស់ GSA ចំពោះរូបិយវត្ថុអេឡិចត្រូនិកចំនួន 0.7501 Bitcoin ខាងលើ នឹងត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែមីនា ឆ្នាំ 2021៕
ប្រភព៖ Yahoo
ប្រែសម្រួល៖ បុត្រា