សាលារៀនជំនាន់ថ្មី (NGS) ដែលស្ថិតក្នុងបរិវេណវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញត្រូវបានបំពាក់សុទ្ធតែកុំព្យូទ័រ Google Chromebooks សម្រាប់គ្រូបង្រៀនដើម្បីផ្ដល់លទ្ធភាពដល់ការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពដល់សិស្សានុសិស្ស។
ការដាក់ឱ្យប្រើប្រាស់កុំព្យូទ័រថ្មីនេះ ធ្វើឡើងរវាងក្រុមហ៊ុន MYTEB សហការជាមួយនឹងអង្គការ KAPE និងក្រសួងអប់រំយុវជន និងកីឡា (MoEYS) ក្នុងការដាក់សាកល្បងឱ្យប្រើប្រាស់កុំព្យូទ័រ Google Chromebooks សម្រាប់គ្រូបង្រៀននៅក្នុងសាលារៀនជំនាន់ថ្មី NGS។ គម្រោងកម្មវិធីរបស់សាលារៀន NGS មានគោលដៅក្នុងការបង្កើតសាលារៀនដែលជួយរៀបចំយុវជនកម្ពុជាដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងសតវត្សរ៍ទី 21 តាមរយៈការពង្រឹងទៅលើការសិក្សារៀនសូត្រនៅក្នុងមុខវិជ្ជាជាច្រើនរបស់ STEM។
ឆាប់ៗនេះ គ្រូបង្រៀនជាច្រើននៅសាលារៀនជំនាន់ថ្មី (NGS) ទូទាំងប្រទេសនឹងមានឱកាសបានប្រើប្រាស់កុំព្យូទ័រ HP Chromebook 11 ក្នុងការបង្រៀនហើយ។ កុំព្យូទ័រ HP Chromebook 11 នឹងផ្តល់ឱ្យពួកគេនូវវិធីសាស្ត្រថ្មីមួយទៀតក្នុងការបង្រៀន និងការរៀនសូត្រដោយបញ្ចូលនូវដំណោះស្រាយពីប្រភពដ៏មានប្រយោជន៍ជាច្រើនដែលជួយឱ្យការសិក្សា និងការសហការរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈការប្រើប្រាស់សេវាកម្ម Cloud ។
កុំព្យូទ័រ HP Chromebook 11 ដំណើរការភ្លាមៗ (Instant Boot) មិនរង់ចាំចំណាយពេលយូរក្នុងការបើកដំណើរការ មានការការពារពីមេរោគបាន 100% មានការទាញយកកម្មវិធីសម្រាប់សិក្សារាប់ពាន់ចេញពី Chrome Web Store ឥតគិតថ្លៃ និងការប្រើប្រាស់សេវាកម្ម Cloud Storage ឥតដែនកំណត់សម្រាប់សាលារៀន។ នេះហើយជាហេតុផលដែលកុំព្យូទ័រ Google Chromebooks ត្រូវបានជ្រើសរើសប្រើប្រាស់នៅក្នុងសាលារៀនច្រើនជាង 50% នៅក្នុងទឹកដីសហរដ្ឋអាមេរិក។
គួររំឭកដែរថា៖ សាលារៀនជំនាន់ថ្មីត្រូវបានបង្កើតឡើងក្រោយពីមានការចុះកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) កាលថ្ងៃទី1 ខែតុលា ឆ្នាំ 2015 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ KAPE ។
គម្រោង “សាលារៀនជំនាន់ថ្មី” ជាគម្រោងពិសេសដើម្បីណែនាំពីគោលការណ៍ អភិបាលកិច្ចដ៏មានប្រសិទ្ធភាព ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យឯកជនទៅដល់ប្រព័ន្ធសាលារៀនសាធារណៈ ដោយប្រើប្រាស់គម្រោងការគ្រប់គ្រងបែបជាដៃគូរវាងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីរក្សានិរន្តរភាព បរិស្ថានសាលាកុមារមេត្រី ដែលមានគុណភាពខ្ពស់សម្រាប់សិស្សានុសិស្សនៅតាមជនបទ និងជុំវិញរាជធានីភ្នំពេញ៕